(វ៉ាស៊ីនតោន)៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រ និងបំពាក់បំប៉នដោយសហរដ្ឋអាមេរិក បាននិងកំពុងបន្តធ្វើការប្រយុទ្ធតស៊ូយ៉ាងក្តៅគគុក ដើម្បីរុលឆ្ពោះទៅកាន់បេះដូងនៃទីក្រុង Raqqa ដែលជាមូលដ្ឋានស្នូលដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ប្រចាំនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការឲ្យដឹងពី លោក Brett McGurk មន្រ្តីបេសកកម្មជនរបស់ប្រធានាធីបតី ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំជាមួយបណ្តាសមាជិកនៃ ក្រុមចម្រុះអន្តរជាតិដឹកនាំដោយទីក្រុងវ៉ាស៊ីនតោននាសប្តាហ៍នេះ លោក McGurk បានបញ្ជាក់ថា កងកម្លាំង SDF ដែលទទួលការជួយជ្រោមជ្រែងពីអាមេរិក បានធ្វើការប្រយុទ្ធរុលចូលភាគកណ្តាលនៃទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុម ISIS នៅស៊ីរី ក៏ប៉ុន្តែកំពុងតែទទួលរងការបាត់បង់កម្លាំងយ៉ាងខ្លាំងធ្ងន់ធ្ងរ។
លោក Brett McGurk បានឲ្យដឹងយ៉ាងដូច្នេះថា «នៅក្រុង Raqqa សមរភូមិកំពុងបន្តប្រព្រឹត្តទៅយ៉ាងក្តៅគគុក។ កងកម្លាំង SDF បានឆ្ពោះចូលទៅកាន់ភាគកណ្តាលនៃទីក្រុង បន្ទាប់ពីបានឆ្លងកាត់ឧបសគ្គដ៏លំបាកៗជាច្រើន រួមមានទាំងខ្សែបន្ទាត់ការពាររបស់ក្រុមសកម្មប្រយុទ្ធ, គ្រាប់បែកបង្កៃ, ជនបំផ្ទុះគ្រាប់បែកអត្តឃាត, អ្នកបាញ់ស៊ីប, និងរថពាសដែកជាដើម»។ លោក McGurk ក៏បានកត់សម្គាល់ផងដែរថា ស្របពេលជាមួយគ្នា SDF បានបាត់បង់កម្លាំងក្នុងបរិមាណដ៏ធ្ងន់ធ្ងរ ហើយនឹងអាចបន្តកើនឡើងថែមទៀត ខណៈកងកម្លាំងនេះកំពុងព្យាយាមបោសសម្អាតវត្តមាននៃអ្នកប្រយុទ្ធ ISIS ឲ្យអស់ពីទីក្រុង Raqqa។
គួរបញ្ជាក់ថា កងកម្លាំង SDF បានចាប់ផ្តើមចេញប្រតិបត្តិការវាយដណ្តើមកាន់កាប់ទីក្រុង Raqqa ពីកណ្តាប់ដៃរបស់ក្រុម ISIS មកវិញកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយឡែក នៅក្នុងប្រទេសអ៊ីរ៉ាក់វិញ ក្រុមសកម្មប្រយុទ្ធ ISIS បានបាត់បង់មូលដ្ឋានស្នូលដ៏សំខាន់របស់ខ្លួន បន្ទាប់ពីត្រូវបានកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ធ្វើការវាយកម្ចាត់ចេញទាំងស្រុងពីទីក្រុងម៉ូស៊ូល កាលពីពេលថ្មីៗនេះ៕