(វ៉ាស៊ីនតោន)៖ នេះអាចជាដំណឹងដ៏គួរឲ្យសោកស្តាយមួយ ខណៈទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានសារភាពឲ្យដឹងថា ខ្លួនពុំមានកញ្ចប់ថវិកាឧបត្ថម្ភគ្រប់គ្រាន់ សម្រាប់ចេញបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ (Mars) នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
នៅក្នុងអំឡុងនៃកិច្ចប្រជុំមួយរបស់វិទ្យាស្ថានអវកាស និងអវកាសយានិកអាមេរិកនាសប្តាហ៍នេះ ប្រធានបេសកកម្មបញ្ជូនមនុស្ស ធ្វើដំណើរក្នុងលំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារអវកាស NASA បានលាតត្រដាងឲ្យដឹងថា «NASA មិនអាចកំណត់កាលបរិច្ឆេទ សម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិក ទៅកាន់ភពអង្គារបានឡើយ ដោយសារកង្វះខាតផ្នែកហិរញ្ញវត្ថុ»។
គួរបញ្ជាក់ថា ការសារភាពដ៏អាម៉ាស់នេះបានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្តេជ្ញាថា នឹងចាប់ផ្តើមយុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យអវកាស ជាមួយការវិលត្រឡប់ទៅសិក្សាស្រាវជ្រាវលើឋានព្រះច័ន្ទវិញ រួមនិងការបញ្ជូនក្រុមអវកាសយានិកឲ្យទៅជាន់ដីភពព្រះអង្គារ។ យ៉ាងណាមិញ លោក Gerstenmaier ក៏បានឲ្យតំរុយផងដែរថា អង្គការ NASA ប្រហែលជាងាកទៅផ្តោតសំខាន់លើ ការវិលត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញ៕