(ម៉ានីល)៖ យោធាហ្វីលីពីនបានឲ្យដឹងថា ពួកគេបានរកឃើញសាកសព ដែលត្រូវគេជឿជាក់ថា គឺជាជនជាតិវៀតណាមម្នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ នៅខេត្ត Sulu ភាគខាងត្បូងប្រទេសអាស៊ានមួយនេះ កាលពីខែកុម្ភៈកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
មេបញ្ជាការកងកម្លាំងខេត្ត Sulu លោក Cirilito Sobejana បានថ្លែងថា កងទ័ពរដ្ឋាភិបាល បានរកឃើញសាកសពជនរងគ្រោះ ឈ្មោះ Van Viet Tran បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធយ៉ាងក្តៅគគុកមួយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយក្រុមឧទ្ទាមអាប៊ូ សាយយ៉ាហ្វ នៅក្នុងភូមិដាច់ស្រយ៉ាល់មួយនៃក្រុង Patikul ដែលជាលទ្ធផល បានបណ្តាលឲ្យខាងទាហានរដ្ឋាភិបាលម្នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតទទួលរងរបួស ខណៈសមាជិករបស់ក្រុមឧទ្ទាមវិញ មានចំនួន០៤នាក់ បានបាត់បង់ជីវិតផងដែរ។
លោកមេបញ្ជាការយោធាហ្វីលីពីនបានបន្តថា ជនរងគ្រោះជនជាតិវៀតណាមឈ្មោះ Tran នោះ ទំនងជាអាចមានបំណងរត់គេចខ្លួន នៅអំឡុងពេលនៃការប៉ះទង្គិចគ្នា ដែលជាហេតុបានបង្ខំឲ្យក្រុមឧទ្ទាម បានសម្លាប់ចោលតែម្តង។ លោក Tran ត្រូវបានគេរាយការណ៍ថា ជាសមាជិកក្រុមនាវិកនៃកប៉ាល់ដឹកជញ្ជូនទំនិញមួយគ្រឿងឈ្មោះ MV Giant Hai ក្នុងចំណោមក្រុមការងារ ជាជនជាតិវៀតណាមដូចគ្នាទាំង០៦នាក់ ដែលត្រូវបានពួកឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ចាប់ជំរិតក្នុងពេលប្លន់កប៉ាល់នោះ កាលពីខែកុម្ភៈ នៅខេត្ត Tawi-Tawi របស់ហ្វីលីពីន។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ កំពុងឃុំខ្លួនចំណាប់ខ្មាំង ប្រមាណ២០នាក់ នៅតំបន់ដែលគេតាំងមូលដ្ឋាន៕