(ប៉ាគីស្ថាន)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ដែលបានវាយប្រហារ​នៅទូទាំងប្រទេសប៉ាគីស្ថាន បានកើនឡើង​ដល់ ៧១នាក់ហើយ បន្ទាប់ពីមនុស្ស​ចំនួន ១៧នាក់ទៀត​បានបាត់បង់ជីវិត នៅទីតាំង​ផ្សេងៗពីគ្នា ដែលពាក់ព័ន្ធ​នឹងព្យុះភ្លៀងនេះ គិតចាប់តាំង​ពីថ្ងៃពុធសប្តាហ៍នេះមក។ នេះបើតាមសារ​ព័ត៌មានស៊ិនហួរ ចេញផ្សាយ​នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

​ក្រុមអាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ (NDMA) របស់​ប៉ាគីស្ថាន​បានឲ្យដឹងថា មនុស្សចំនួន ៥៣នាក់បានស្លាប់ និង៦៦នាក់​បានទទួល​រងរបួស ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ខណៈប្រព័ន្ធផ្សព្វ​ផ្សាយក្នុងតំបន់ បានចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មានមនុស្ស ១៧នាក់ បន្ថែមទៀតបានស្លាប់ដោយសារព្យុះភ្លៀង ទើបបណ្តាលឲ្យ​ចំនួនអ្នកស្លាប់​កើនឡើងដល់ ៧១នាក់។

របាយការណ៍បានឲ្យដឹងទៀតថា យ៉ាងហោចណាស់​មនុស្ស ៦៩នាក់​បានរងរបួស និងផ្ទះ ៦៣ខ្នង បានរងការ​ខូចខាត ចាប់តាំងពី​ថ្ងៃទី២៦ ខែមិថុនា នៅពេលដែលរដូវភ្លៀង​បានចាប់ផ្តើម។ មន្ទីរឧតុនិយមប៉ាគីស្ថាន (PMD) បានព្យាករណ៍ថា មានព្យុះនិង​ភ្លៀងធ្លាក់​នៅទូទាំងប្រទេស នៅរយៈពេលប៉ុន្មាន​ថ្ងៃខាងមុខនេះ ដោយនឹងអាចបង្ក ជាគ្រោះទឹក​ជំនន់ធំ​នៅទន្លេសំខាន់ៗ​ចំនួន០២ ឆ្លងកាត់តាម​ភាគខាងកើត​ខេត្ត Punjab ជាមួយនឹង​ព្រែកនានា។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif បាន​ដឹកនាំ NDMA និងរដ្ឋាភិបាល​ខេត្តទាំងអស់ ដើម្បីត្រៀម​វិធានការ ដើម្បីទប់ស្កាត់​គ្រោះថ្នាក់ណាមួយ ដែលបណ្តាល​ដោយព្យុះភ្លៀង។ លោកបាន​លើកឡើងថា ក្រុមអាជ្ញាធរ​គួរតែរក្សា​ប្រជាពលរដ្ឋ នៅតំបន់មាន​សុវត្ថិភាព​ហើយត្រូវផ្តល់នីតិវិធីសង្គ្រោះបន្ទាន់ និងធានាឲ្យ​មានការ​ជម្លៀសខ្លួន ឲ្យបានទាន់​ពេលវេលា៕