(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញនូវការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការរិះគន់​ធ្ងន់ៗជុំវិញ​​ការ​​​អញ្ជើញចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅក្នុងពិធីដើរក្បួនព្យុះហយាត្រាយោធានៃទិវាបុណ្យជាតិបារាំង Bastille Day។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែជា «សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ» ដ៏សំខាន់មួយរបស់ទីក្រុងប៉ារីស បើ​ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំងលើ​បញ្ហា​ប្រែប្រួលអាកាសធាតុ។ នេះបើតាមសម្តីលោក Macron បានប្រាប់ក្រុមអ្នកសារព័ត៌មាន។ មេដឹក​​បារាំងរូបនេះ​​បាន​​បន្ថែម​ថា «ខ្ញុំបានអញ្ជើញលោក ដូណាល់ ត្រាំ តែខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងថា ការអញ្ជើញនេះវាបានធ្វើឲ្យការជជែកដេញតវ៉ា ក៏ដូចជាការ​ប្រឆាំងខ្លាំងបែបនេះ... ដោយសារតែខួបទី១០០ឆ្នាំនៃអន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមលោកលើកទី១ រួម​​ជាមួយ​​និង​​កង​​ទ័ព​​របស់​យើង។ យើង​មិនអាចភ្លេចបាននោះទេថា ប្រវត្តិសាស្ត្ររបស់យើង គឺមានតម្លៃនិងអត្ថន័យធំធេងជាងខ្លួនរបស់​ពួក​យើង​ម្នាក់ៗ​ផ្ទាល់ទៅទៀត»

លោក Macron បានបន្តទៀតថា «យើងចាំបាច់ត្រូវតែបន្តការពិភាក្សា បើទោះបីជាមានការមិនឯកភាពគ្នាដ៏ដោយ។ ប្រាកដណាស់ ខ្ញុំ​មាន​ការខ្វែងគំនិតគ្នាខ្លាំងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញបញ្ហាអាកាសធាតុ ក៏ប៉ុន្តែវាជាភស្តុតាងយ៉ាងច្បាស់ និងចាំបាច់ ដែលតម្រូវឲ្យមានការផ្លាស់ប្តូរគំនិតរវាងគ្នាទៅវិញទៅមកជាមួយលោក ត្រាំ ជាប្រចាំ»

គួររំលឹកថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយអធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel លោក Macron បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់បារាំង ក៏ដូចជាអឺរ៉ុបទាំងមូល ជា​ពិសេសនោះ​នៅក្នុង​វិស័យ​សន្តិ​សុខ​តែម្តង​។

គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់លោក Macron លោក ដូណាល់ ត្រាំ បានទៅដល់ទីក្រុងប៉ារីស កាលពី​ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​សប្តាហ៍នេះ​ ដើម្បីបំពេញដំណើរទស្សនៈកិច្ចរយៈពេល២ថ្ងៃ ដោយដំណើរទស្សនៈកិច្ចនេះ បានធ្វើឡើងក្រោយប៉ុន្មានសប្តាហ៍ បន្ទាប់​ពីលោក ត្រាំ បានប្រកាសដក​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស៕