(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពេញៗមាត់ថា ជាមេដឹកនាំដ៏អស្ចារ្យ មានទេពកោសល្យខ្ពស់ និងជាមនុស្សល្អម្នាក់។ ប៉ុន្តែការផ្លាស់ប្ដូរសម្ដី និងអកប្បកិរិយារបស់ លោក ត្រាំ ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់បានសម្ដែងការសោកស្ដាយចំពោះទីក្រុងប៉េកាំង ដែលលោកយល់ថា មិនបានប្រើប្រាស់ឥទ្ធិពលគ្រប់គ្រាន់ ក្នុងការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ហើយថាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង គ្មានដំណើរការនោះទេ។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
«គាត់គឺជាមិត្តម្នាក់របស់ខ្ញុំ គាត់គឺជាមេដឹកនាំដ៏អស្ចារ្យ ជាមនុស្សមានទេពកោសល្យ និងជាមនុស្សល្អម្នាក់ ហើយខ្ញុំពិតជាគោរពគាត់ណាស់»។ ទំាងនេះគឺជាការកោតសរសើរ លោក ស៊ី ជិងពីង របស់លោក ដូណាល់ ត្រាំ នៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីបារំាង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង នៅឯទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមទៀតថា «គាត់ (លោក ស៊ី) ស្រឡាញ់ប្រទេសចិន។ ខ្ញុំអាចនិយាយប្រាប់អ្នកថា គាត់ស្រឡាញ់ប្រទេសចិន ដូច្នេះគាត់ចង់ធ្វើអ្វីត្រឹមត្រូវសម្រាប់ចិន... យើងបានសុំជំនួយមួយចំនួនពីគាត់ ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ហើយបើទោះជាគាត់ធ្វើបន្តិចបន្ដួចក៏ដោយ ប៉ុន្តែយើងនឹងធ្វើឱ្យវាកើតឡើង»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់រិះគន់ និងសម្ដែងការសោកស្ដាយមិនតិចនោះទេ ចំពោះចិន ត្បិតលោកយល់ថា ចិនមិនបានប្រឹងឱ្យអស់ដៃជើងដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យឈប់បាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរនោះទេ ជាពិសេសគឺនៅក្រោយពេលកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលអាចនឹងបាញ់ដល់រដ្ឋ Alaska កាលពី ថ្ងៃអង្គារសប្ដាហ៍មុន៕