(ប៉េកាំង)៖ សកម្មជនរិះគន់រដ្ឋាភិបាលចិន និងជាជ័យលាភីនៃពានរង្វាន់ណូបែល លោក Liu Xiaobo ដែលត្រូវបានឃុំឃាំង និងដាក់ពន្ធនាគារជាច្រើនលើកច្រើនសារាប់មិនអស់ ពីព្រោះតែឆន្ទៈនៃការតស៊ូការពារសិទ្ធិមនុស្ស ក៏ដូចជាលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសចិននោះ បានទទួលមរណភាពបាត់ហើយក្នុងអាយុ ៦១ឆ្នាំ ដោយសារជំងឺមហារីកដែលបានយារយីរូបលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើតាមការប្រកាសឲ្យដឹងពីអាជ្ញាធរចិន ដកស្រង់ដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
លោក Liu ដែលជាសកម្មជនតស៊ូមតិឯករាជ្យដ៏លេចធ្លោបំផុតរបស់ចិន នាពេលថ្មីៗនេះ ត្រូវបានផ្ទេរចេញពីពន្ធនាគារ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា រូបលោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃជំងឺមហារីកដ៏កាចសាហាវបាត់ទៅហើយ។
ក្នុងនាមជាអ្នករិះគន់មិនសំចៃមាត់ចំពោះគណបក្សកុម្មុយនិស្តចិន លោក Liu Xiaovo ត្រូវបានគេធ្វើការឃុំឃាំងជាលើកចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០០៨ ហើយក្រោយមកត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលចំនួន ១១ឆ្នាំ ពីបទបង្កើតចលនាបះបោរប្រឆាំងនឹងរដ្ឋអំណាច ដោយសារការចូលរួមពាក់ព័ន្ធរបស់លោក ក្នុងការបង្កើតសេចក្តីប្រកាសមួយឈ្មោះថា Charter 08 ដើម្បីអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ បែបលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថា លោក Liu បានទទួលពានរង្វាន់ណូបែលកាលពីឆ្នាំ២០១០ ខណៈពេលដែលរូបលោកកំពុងស្ថិតក្នុងពន្ធនាគារ សម្រាប់ឆន្ទៈតស៊ូអត់ធ្មត់នឹងភាពលំបាក ដោយឥតហិង្សាដ៏យូរអង្វែងរបស់លោក ដើម្បីតែមូលដ្ឋានសិទ្ធិមនុស្សនៅក្នុងប្រទេសចិន៕