(ប៉េកាំង)៖ ស្របពេលវិស្សមកាល​រដូវក្តៅ បាន​បន្តប្រព្រឹត្ត​ទៅយ៉ាងប្រសើរ ទីផ្សារវិស័យ​ទេសចរណ៍​នៃប្រទេសចិន​នៅឯក្រៅស្រុក​ កំពុងតែ​​មានការកើន​ឡើងខ្ពស់​យ៉ាង​ក្តៅគគុក។ យោងតាមទិន្នន័យ​នាពេលថ្មីៗ​នេះ បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា ភ្ញៀវទេសចរ​ចិន​ប្រមាណ​ ៣០លាន​នាក់ ឬស្មើនឹង ៦០ភាគរយ ដែលកំពុង​ឈប់សម្រាក​នារដូវក្តៅ​ឆ្នាំ២០១៧នេះ នឹងធ្វើដំណើរ​ទស្សនាកម្សាន្ត​នៅឯក្រៅ​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន​ចិន CGTN នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ប្រទេសដែលជាគោលដៅទេសចរណ៍​កំពូលៗ សម្រាប់អ្នកដំណើរក​ម្សាន្តជនជាតិ​ចិន នារដូវក្តៅនេះ រួមមានជប៉ុន និងបណ្តា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ក៏ប៉ុន្តែប្រទេស​ដ៏ទៃផ្សេងទៀត​ក៏កំពុងតែក្លាយខ្លួន​ជាគោលដៅ​ទេសចរណ៍ដ៏​ពេញនិយម របស់ភ្ញៀវទេសចរ​ចិន​ដូចគ្នា​ផងដែរ។ រុស្ស៊ី​និងអេមីរ៉ាត់អារ៉ាប់រួម រួមជាមួយ​និងបណ្តា​ប្រទេសដែលស្ថិត ដែលនៅតាមបណ្តាយ​នៃគម្រោងផ្តួចផ្តើម​វិថីមួយខ្សែ​ក្រវាត់​មួយរបស់ កំពុងតែ​មានភាពទាក់ទាញ​ខ្លាំង​ សម្រាប់ភ្ញៀវទេសចរ​ចិនចំណូល​ថ្មី។ ជាមួយគ្នានេះ ទីភ្នាក់ងារ​បម្រើសេវាទេសចរណ៍​ជាច្រើន បាន​ធ្វើ​ការ​​ព្យាករណ៍​ថា ចិននឹង​បញ្ជូនភ្ញៀវទេសចរ​យ៉ាងតិច ២៥លាននាក់ ទៅកាន់បណ្តា​ប្រទេសក្នុង​គម្រោងវិថី​មួយខ្សែក្រវាត់មួយ ក្នុងឆ្នាំ​២០១៧ នេះ។

គួរបញ្ជាក់​ផងដែរថា ដើម្បីប្រមូលភ្ញៀវ​ទេសចរ​ឲ្យបានច្រើន​តាមតែអាច​ធ្វើទៅបាន ប្រទេសជា​ច្រើនកំពុងតែខិត​ខំប្រឹងប្រែង ជួយសម្រួល​​ការធ្វើដំណើរ​ដល់ភ្ញៀវទេសចរ​ចិន។ តួយ៉ាងប្រទេស​ស៊េបី និងបេឡារុស បានបង្កើត​គោលនយោបាយយពុំចាំបាច់មាន​ទិដ្ឋាការសម្រាប់​ជនជាតិ​ចិនដែល​មានបំណងទៅធ្វើ​ដំណើរកម្សាន្ត​នៅទីនោះ។ ដោយឡែក​សម្រាប់​កាណាដាវិញ កំពុងតែរៀប​ចំ​បង្កើតមជ្ឈមណ្ឌល​សុំធ្វើទិដ្ឋាការ​ចំនួន​០៧​កន្លែងបន្ថែម​ទៀតនៅប្រទេស​ចិន​ក្នុងឆ្នាំនេះ៕