(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបាននិងកំពុងតែចោមរោមដោយមន្ទិលសង្ស័យ ដែលថា រុស្ស៊ីបានជួយរូបលោកឡើងអង្គុយកៅអីនៅក្នុងសេតវិមាននោះបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តាមពិតទៅទំនងជាចង់ឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ទៅវិញគឺជាអ្នកដែលបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំអាមេរិកកាលពីឆ្នាំ២០១៦ នោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ CBN មុនពេលចាកចេញទៅបំពេញទស្សនកិច្ចនៅឯប្រទេសបារាំង លោក ត្រាំ ក៏បានឆ្លៀតឱកាសនិយាយការពារ កូនប្រុសច្បងរបស់លោកផងដែរ គឺលោក ដូណាល់ ត្រាំ ជូនា (Donald Trump Jr.) បន្ទាប់ពីកូនប្រុសបណ្តូលចិត្តរបស់លោក ត្រាំ រូបនេះ បានបង្ហោះកម្រងសារអ៊ីម៉ែលនៅលើ Twitter បង្ហាញពីការយប់ព្រមរបស់លោក ចំពោះសំណើពីប្រទេសរុស្ស៊ី ដែលចង់ណាត់ជួបដើម្បីផ្តល់ព័ត៌មានមិនល្អអំពីលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាអតីតគូប្រជែងរបស់លោក ត្រាំ កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
ការឆ្លើយឆ្លងសារអ៊ីម៉ែលខាងលើ ត្រូវបានមតិមួយចំនួនយល់ឃើញថា អាចជាភស្តុតាងយ៉ាងជាក់ច្បាស់មួយ សម្រាប់ការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញាឯករាជ្យពិសេសមួយ ដែលកំពុងស្វែងរកថា តើក្រុមយុទ្ធនាការឃោសនារបស់ លោក ដូណាល់ ត្រាំ ពិតជាបានរួមដៃជាមួយរដ្ឋាភិបាលបរទេស គឺទីក្រុងម៉ូស្គូ ដើម្បីជួយលោក ត្រាំ ឲ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកដែរ ឬយ៉ាងនោះ។
ទោះជាបែបនេះក្តី ប្រធានាធីបតីអាមេរិក ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុងញូយ៉ករូបនេះ បានអះអាងថា សមភាគីរបស់លោកគឺលោក វ៉្លាឌីមៀ ពូទីន ទំនងជាមានបំណងចង់ឲ្យជ័យជម្នះ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ បានទៅលើលោកស្រី គ្លីនតុន ដែលមកពីបក្សប្រជាធិបតេយ្យជាង។
គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីរូបលោកបានជួបពិភាក្សាគ្នាទល់មុខគ្នាជាលើកដំបូងបំផុត ជាមួយនិងលោក វ៉្លាឌីមៀ ពូទីន នៅអំឡុងកិច្ចប្រជុំ G20 ក្នុងប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ដែលអំឡុងពេលនៃកិច្ចពិភាក្សានោះ បានបន្តប្រព្រឹត្តទៅដល់ទៅជាងពីរម៉ោងឯណោះ ហួសពីការរំពឹងទុកយ៉ាងឆ្ងាយ៕