(​វ៉ាស៊ីនតោន)៖ ប្រធានក្រុម​តំណាងរាស្ត្រ​អាមេរិក លោកស្រី Nancy Pelosi បានសម្ដែង​ក្ដីព្រួយបារម្ភ​យ៉ាងខ្លាំង​ ពាក់ព័ន្ធនឹង​ការធ្វើតេស្ដ​មីស៊ីលផ្លោង​ឆ្លងទ្វីប ICBM របស់​កូរ៉េខាងជើង កាលពីថ្ងៃអង្គារ​សប្ដាហ៍មុន ដែលលោកស្រី​យល់ថា នេះគឺជាផ្លូវមួយនំា​ទីក្រុងព្យុងយ៉ាង ទៅកាន់ការ​ប្រកួតប្រជែង​ក្នុងទីផ្សារ​លក់អាវុធ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន លោកស្រី Nancy Pelosi បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមាន​ហេតុផល​ជាច្រើន ដែលត្រូវព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​កូរ៉េខាងជើង។ ប៉ុន្តែក្នុង​ចំណោមហេតុផល​ទំាងនោះ ដូចអ្នក​ទំាងអស់គ្នា​បានដឹងហើយ នោះគឺបច្ចេក​វិទ្យាមីស៊ីល និងអាវុធនុយ​ក្លេអ៊ែរ​កូរ៉េខាងជើង ការតែរីកចំរើន​ទៅមុខ ហើយនេះ​អាចជាផ្លូវមួយនំា​របបកម្មុយនីស្ដដ៏ឯកោមួយនេះ មានលទ្ធភាព​លក់មីស៊ីល និងបច្ចេកវិទ្យា​ដ៏គ្រោះដល់​នរណាម្នាក់... មិនតែប៉ុណ្ណោះនៅពេល​ពួកគេ (កូរ៉េខាងជើង) សម្រេច​ជោគជ័យ ពួកគេនឹង​និយាយបែបនេះ មើលចុះ! យើងផលិតវាដើម្បីលក់។ តើអ្នកចង់ទិញវាទេ? យើងនឹង​លក់វាឱ្យ​អ្នក»

គួររំលឹកថា កាលពីថ្ងៃអង្គារ​សប្ដាហ៍មុន កូរ៉េខាងជើង​បានប្រកាសថា ខ្លួនបាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ នូវមីស៊ីល​ផ្លោងឆ្លង​ទ្វីប Hwasong-14។ គ្រាប់​មីស៊ីលនេះ ត្រូវបានធ្វើតេស្ដចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវា​អាចរត់បាន​ចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំង​អាចហោះ​បានរយៈ​កម្ពស់​ដល់ទៅ ២,៨០២គីឡូម៉ែត្រ​ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូល​សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ចំណែកឯ​សហរដ្ឋអាមេរិក ក៏បានទទួល​ស្គាល់ដែរថា កូរ៉េខាងជើង​ពិតជាបានបាញ់​សាកល្បង​មីស៊ីល ICBM ប៉ុន្តែរុស្ស៊ី​អះអាងថា មីស៊ីល​ដែលកូរ៉េខាងជើង​បានធ្វើតេស្ដ​ ជាមីស៊ីលរយៈចំងាយ​មធ្យមធម្មតា​តែ​ប៉ុណ្ណោះ៕