(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅសេតវិមាន នៅពេលវេលាសាកសមណាមួយ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីវិមានក្រឹមឡាំងបានអះអាងថា រុស្ស៊ីអស់ការអត់ធ្មត់ហើយ ចំពោះជម្លោះការទូតជាមួយសហរដ្ឋអាមេរិក ហើយក៏មិនទុកឱ្យរឿងនេះ អូសបន្លាយពេលតទៅទៀត ឬក៏ឱ្យវាបញ្ចប់ទៅដោយ គ្មានការចាត់វិធានការឆ្លើយតបនោះដែរ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏នាំគ្នាចុះផ្សាយដែរថា ទីក្រុងម៉ូស្គូកំពុង គិតគូររឹបអូសទ្រព្យសម្បត្តិអាមេរិក និងបណ្ដេញមន្ត្រីទូតអាមេរិកជិត ៣០នាក់ ចេញពីប្រទេសជាការសងសឹក ទៅនឹងការបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ចេញពីសហរដ្ឋអាមេរិកដោយរដ្ឋបាល អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងបទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅពេលជិះលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុងប៉ារីស លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនគិតនោះទេថា ពេលនេះជាពេលវេលាសាកសម ប៉ុន្តែចម្លើយនោះគឺ វាអាចទៅរួច ហើយខ្ញុំនឹងធ្វើវា ត្បិតកិច្ចសន្ទនាជាមួយនឹងរុស្ស៊ី ពិតជាមានសារៈសំខាន់»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាគ្នាជាលើកដំបូងនាឱកាសចូលរួមកិច្ចប្រជុំ G20 នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៧ និងទី០៨ ខែកក្កដា៕