(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា មេដឹកនាំ​នៃបណ្តា​ប្រទេស​​មាន​សេដ្ឋ​កិច្ច​​រីក​ចម្រើន​ជាងគេបំផុត​ទាំង២០ ឬហៅ​កាត់ថា G20 បានឯកភាព​គ្នា​កាលពី​សប្តាហ៍មុនថា កូរ៉េខាងជើង​បាន​និងកំពុងបង្កការ​គំរាមកំ​ហែង​ជាសកល​យ៉ាងធ្ងន់ធ្ងរ ទោះបីជា​នៅក្នុងសេចក្តីថ្លែងការណ៍​រួមរបស់ G20 មិនបានលើកឡើង​ពាក់ព័ន្ធនឹង​រដ្ឋកុម្មុយនិស្តដ៏​ឯកោមួយនេះ​យ៉ាងណា​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ ត្រូវបានធ្វើឡើង​ដោយទីប្រឹក្សាសន្តិសុខជាតិ​ លោក H.R. McMaster ស្របពេល​ដែលរូបលោក បានធ្វើ​ការ​​សង្ខេប​ឲ្យ​ដឹង​អំពីសមិទ្ធិផលនៃដំណើរ​ទស្សនកិច្ច នៅទ្វីបអឺរ៉ុប​របស់ លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន។ លោក McMaster បានថ្លែង​យ៉ាងដូច្នេះ​ថា «នៅក្នុងកិច្ច​ពិភាក្សាជាច្រើន​ជាមួយសម្ព័ន្ធ​មិត្ត និងដៃគូនានា​នៅឯកិច្ចប្រជុំ​កំពូល G20 មេដឹកនាំ​ទាំងអស់ បានឯកភាព​គ្នាថា កូរ៉េខាង​ជើង​គឺជាការគំរាមកំហែង​លក្ខណៈអន្តរជាតិ​ដ៏ធ្ងន់ធ្ងរមួយ ដែលតម្រូវ​ឲ្យ​មានចំណាត់ការរួម ប្រកបដោយភាពច្បាស់លាស់ និងប្រាកដប្រជា»។

គួរបញ្ជាក់ថា កិច្ចប្រជុំរយៈពេល​ពីរថ្ងៃ ដែលបានប្រព្រឹត្តទៅនៅឯ​ទីក្រុង Hamburg នៃប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី០៧-០៨ ខែកក្កដានេះ បានបិទបញ្ចប់​ទៅកាលពីចុង​សប្តាហ៍មុន ជាមួយ​និងការសេចក្តីថ្លែងការណ៍​រួមមួយ ដែលពុំមាន​ការលើកឡើង​ណាមួយ ទាក់ទិននឹង​ប្រទេស​កូរ៉េខាងជើង​សូម្បីតែបន្តិចនោះ​ឡើយ ទោះបីជាកិច្ច​ប្រជុំកំពូល​នេះ ត្រូវបានធ្វើឡើង​តែប៉ុន្មានថ្ងៃ ក្រោយពី​របបដឹកនាំ​ទីក្រុងព្យុង​យ៉ាង បានធ្វើការបាញ់​សាកល្បង​ដោយជោគជ័យ នូវមីស៊ីល​ផ្លោងឆ្លងទ្វីប​ចំនួនមួយគ្រាប់ ដែលត្រូវបាន​អភិវឌ្ឍន៍ឡើង ដើម្បីវាយប្រហារ​​ដល់​ដែន​ដី​​របស់​​សហ​រដ្ឋ​អាមេរិកក៏ដោយ៕