(អន្តរជាតិ)៖ ឆ្នាំហ២០១៦ កន្លងទៅនេះ ប្រទេសតួកគីជួបប្រទះការធ្វើភេរវកម្មជាង ៣០ដង ដែលបានបណ្តាលស្លាប់ប្រជាជន យ៉ាងហោចណាស់ ៣០០នាក់ ថែមទាំងរងនូររដ្ឋប្រហារ ដែលជំរុញឲ្យរដ្ឋាភិបាលធ្វើបន្សុទ្ធកម្ម ដកហូតការងារពីមនុស្ស ១០០,០០០នាក់ នេះថែមទៀត។
ក្រោយការបង្កើតសាធារណៈរដ្ឋសម័យថ្មីរបស់តួកគី ប្រជាជនតួកគីបានជៀសខ្លួន ផុតពីហិង្សាដែល ចេញពីសាសនាអ៊ីស្លាមខុសពីតំបន់ដទៃ។ ប្រជាជនតួកគីភាគច្រើនសិក្សាសាសនាអ៊ីស្លាមតាម ទំនៀមទំលាប់ ហាណាហ្វី ចាហ្វារី និង អាលឺវី ដែលមានភាពខុសគ្នាពីអ៊ីស្លាម សាឡាហ្វីស។ ជាលទ្ធផល ប្រជាជនតួកគីភាគច្រើនមិនបានយល់ដឹងច្បាស់ ពីការសិក្សាគម្ពីរកូអានតាមសាឡាហ្វីឡើយ។
តួកគី មិនថារដ្ឋមិនមានសាសនា ឬ អ្នកគោរពទំនៀមទម្លាប់សាសនាភាគច្រើន និង អ្នកដើរផ្លូវកណ្តាល ដោយគោរពតាមទស្សនៈអ៊ីស្លាម មិនអាចទប់ទល់នឹងមនោគមន៍ របស់ក្រុមរ៉ាឌីកាល់មូស្លីមបានឡើយ។ តួកគីសម័យថ្មីបានបង្កើតក្រុមអ៊ីស្លាមហិង្សាជាច្រើនក្រុម ក្នុងនោះមានការចូលរួមពីតួកគីសាធារណៈរដ្ឋ និង ជនជាតិឃើដផងដែរ។
ក្រុមរ៉ាឌីកាល់អ៊ីស្លាមជ្រុលនិយមធំៗមានចំនួន ០៥ នៅប្រទេសតួកគីសព្វថ្ងៃ ដូចជា ពួកឃើដ, ហីសបូឡា, ពួកកាផ្លានស៊ីឡា, ពួក IBDA-C, ពួកហីពអាត់ថារី និង ពួកថាស៊ីយឺស៊ីឡា។ យ៉ាងយោចណាស់ក្រុម០២ ក្នុងចំណោមក្រុមទាំង០៥ខាងលើ មានទំនាក់ទំនងផ្ទាល់ជាមួយ រដ្ឋអ៊ីស្លាម IS ខណៈពេលដែលក្រុមដទៃទៀត គាំទ្រទស្សនៈ សាឡាហ្វី ជាទស្សនៈដែល IS គាំទ្រដូចគ្នា។ ក្រុមមួយចំនួនត្រូវបានកំចាត់ចោលរួចទៅហើយ ប៉ុន្តែពួកវាជាថ្នាលបណ្តុះអោយ IS ឈរជើងនៅប្រទេសតួកគី។
* ឃឺដ ហីសបូឡា (Kurdish Hizbullah/Huda-Par)
ក្រុមនេះជាអង្គការកូនកាត់រវាងពួកស៊ុននី និងពួកជនជាតិឃើដ និងជាក្រុមអ៊ីស្លាមជ្រុលនិយម ដែលគ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសតួកគី វានៅតែបន្តបង្កើនការរីកដុះដាលរបស់ខ្លួននៅ ក្នុងប្រទេសតួកគី និង ជាអ្នកគាំទ្រជនជាតិឃើដ ធំជាងគេបំផុតនៅក្នុងប្រទេសតួកគី។ ដោយយកតាមលំនាំ បដិវត្តន៍អ៊ីស្លាមនៅអ៊ីរ៉ង់ កាលពីឆ្នាំ១៩៧៩ ហីសបូឡាបានបង្កើតក្រុមបដិវត្តន៍អ៊ីស្លាម សម្រាប់អំបូរជនជាតិឃើដ ក្នុងឆ្នា១៩៨០។ អំពើព្រៃផ្សៃដែលពួកនេះ បានធ្វើឡើងបង្កការស្លាប់ដល់ប្រជាជនឃើដមិនកាន់សាសនា រាប់រយនាក់ក្នុងកំឡុងឆ្នាំ១៩៩០ ជាឆ្នាំដែលមានសង្គ្រាមផ្ទៃក្នុងរបស់ជនជាតិឃើដ។
កាលពីខែធ្នូ ២០១២ ហីសបូឡា ប្តូរឈ្មោះមកជា ហូដាប៉ា Huda-Par ជាគណបក្ស ស្របច្បាប់មួយ ប៉ុន្តែ នេះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ក្រុមនេះមិនចង់បាន សុខសន្តិភាពទេ។ ក្រុម IS ឃើដចាប់ផ្តើមវាយ ប្រហារកាន់តែខ្លាំងនៅប្រទេសស៊ីរីក្នុងឆ្នាំ២០១៤ ហើយអ្នកគាំទ្រ Huda-Par តែងមានជម្លោះជាមួយ អ្នកស្នេហាជាតិដែលមិនកាន់សាសនាដទៃ ដែលបានលើកឡើងថា Huda-Par គាំទ្ររដ្ឋអ៊ីស្លាម IS។
ផ្អែកតាមការបោះឆ្នោតឃុំសង្កាត់ក្នុងខែ មីនា ២០១៤ និងការបោះឆ្នោតខែមិថុនា ឆ្នាំ ២០១៥ បានឲ្យដឹងថា ក្រុមនេះមានអ្នកគាំទ្រជាជនជាតិឃើដជាង ១០០,០០០នាក់។
លោក ហាលីស បាយ៉ានខាក់ ភាគច្រើនគេស្គាល់ដោយឈ្មោះហៅក្រៅថា អាប៊ូ ហាន់ហ្សាឡា ជាអ៊ីស្លាមតួកគីដែលល្បីដោយសារ សុន្ទរកថារបស់លោកដែលគាំទ្រ IS។ គាត់ជាកូនប្រុសរបស់ ឧក្រិដ្ឋជនក្រុមហីសបូឡាម្នាក់ ដែលបង្ហាញការគាំទ្ររដ្ឋអ៊ីស្លាម និងហីសបូឡា ជាសាធារណៈ លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងឆ្នាំ២០១៤ និង២០១៥ លោក បាយ៉ានខាក់ បានដឹកនាំការបន់ស្រន់ ពិកនិក Eid នៅជាយក្រុងអ៊ីស្តង់ប៊ុល ដែលគេជឿជាក់ថា ការជួបជុំនេះរៀបចំឡើងដោយអ្នកមានសមានចិត្តនឹង IS។
* ពួកកាផ្លានស៊ីឡា
ត្រូវបានគេស្គាល់ផងដែរថា ជារដ្ឋអាណូតូលៀននៃរដ្ឋអ៊ីស្លាម និង មានឈ្មោះមួយទៀតហៅថា ខាលីហ្វាស្តាត (Kalifasstaat) ជាក្រុមដែលមានប្រភពមកពីអាល្លឺម៉ង់ ចាប់កកើតឡើង ក្នុងឆ្នាំ១៩៨៤ ដោយលោក ខេម៉ាឡេទីន កាផ្លាន (Cemalettin Kaplan) ជាបុគ្គលវិកលចរិតម្នាក់ដែលត្រូវបានដាក់ទោសប្រហារជីវិត នៅប្រទេសតួកគី។ ក្រុមនេះមានគោលបំណងបង្កើតរដ្ឋអ៊ីស្លាម ដោយយកគំរូតាមសាធារណៈអ៊ីស្លាមអ៊ីរ៉ង់។ ក្រោយការស្លាប់របស់លោកក្នុងឆ្នាំ ១៩៩៤ កូនប្រុស មែទីន កាផ្លាន (Metin Kaplan) បន្តតំណែងជាមេដឹកនាំក្រុម កែនមនុស្សបាន ១,១០០នាក់ ថែមទៀត។
តាមរយៈកម្លាំងសន្តិសុខនៅតួកគី បានអោយដឹងថា ក្រុមនេះមានគំរោងវាយប្រហារ ២ ដងនៅប្រទេសតួកគី កាលពីខែតុលា ឆ្នាំ ២០០៨ ក្នុងនោះរួមមានគម្រោងបំផ្ទុះគ្រាប់លើចេតិយរបស់អតីតមេដឹកនាំ លោក ម៉ាស្តាហ្វើ ខេម៉ាល់ អាតាធើក (Mustafa Kemal Ataturk) នៅថ្ងៃ ខួបគំរប់ទី ៧៥ នៃរដ្ឋសាធារណៈ។ អាជ្ញាធរតួកគីចាប់ខ្លួនសមាជិក ២៣រូបដែលមានទំនាក់ទំនងនឹងគម្រោងការនេះ។ សមាជិក ៤០នាក់ត្រូវបានចាប់ ខ្លួននៅប្រទេសអាល្លឺម៉ង់ ពេលដែលបក្សពួកជាង ៥០០នាក់បានចូលរួមក្នុងបាតុកម្ម ទាមទារអោយដោះលែងបុគ្គល ២៣ រូបដែលត្រូវបានគេចាប់ខ្លួន។
ក្រុមនេះត្រូវបានគេហាមឃាត់នៅប្រទេសអាល្លឺម៉ង់ ក្រោយព្រឹត្តិការណ៍ ១១ កញ្ញា ជាថ្ងៃដែលមានការវាយប្រហារភេរវកម្មនៅសហរដ្ឋអាមេរិក ដូច្នេះហើយក្រុមនេះ ត្រូវបានគេកត់ត្រាថា ជាក្រុមភេរវកម្មដំបូងគេបង្អស់ដែលត្រូវបានហាមឃាត់ដោយ ច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានប្រគល់ កាផ្លាន ទៅអោយប្រទេសតួកគី ប្រទេសតួកគីបានកាត់ទោសអោយជាប់ឃុំខ្លួនមួយជីវិត នៅប្រទេសតួកគី។ ក្រុមភេរវកម្មនេះ នៅតែដំណើរការទៅមុខទោះបីគ្មានមេដឹកនាំ ប៉ុន្តែមានភាពអសកម្ម។
* ក្រុម IBDA-C
ក្រុមនេះមានឈ្មោះថា Islami Buyuk Dogu Akincilari Cephesi ដែលបកប្រែថា ក្រុម អ៊ីស្លាមវាយប្រហារដ៏អស្ចារ្យពីភាគខាងកើត (Great Eastern Islamic Raider’s Front)។ ក្រុមនេះជាចលនាអ៊ីស្លាមស៊ុននី ដែលមានសកម្មភាពនៅប្រទេសតួកគី ក្នុងកំឡុងឆ្នាំ១៩៩០ ដែលផ្តល់ការគំរាមកំហែងដែល អ្នកសិល្បៈ អ្នកប្រាជ្ញ នៅប្រទេសតួកគី និងអ្នកកាន់សាសនាគ្រិស្ត និង ជនជាតិយូដា។ គ្រាន់តែក្នុងឆ្នាំ១៩៩០ ប៉ុណ្ណោះ ក្រុមនេះបានធ្វើភេរវកម្ម ដល់ទៅ ៩០ដង ក្នុងនោះ មាន ៥ដង ជាការវាយប្រហារដោយបំផ្ទុះគ្រាប់បែក។
ក្រុមនេះស្អប់ជនជាតិយូដាបំផុត ហើយបានធ្វើការគំរាមកំហែងទៅលើ សាស្រ្តាចារ្យ យូដា យូរ៉ាំ ជាមេដឹកនាំ សមាគមអំបូរយូដានៅអង់ការ៉ា។ ក្រុមនេះបានប្រកាសថា ខ្លូនជាមេខ្លោង ក្នុងការរៀបចំការបំផ្ទុះគ្រាប់បែកកាលពីខែវិច្ឆិកា ឆ្នាំ២០០៣ នៅអ៊ីស្តង់ប៊ុលបណ្តាលអោយមនុស្ស ២៤ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ ខណៈពេលការវាយប្រហារមួយចំនួន មើលទៅជាស្នាដៃរបស់ពួកអាល់កៃដា ជាមួយនឹងបណ្តាញជីហាដ ជុំវិញសកលលោក យ៉ាងហោចណាស់មានជនល្មើសម្នាក់ជាសមាជិកក្រុម IBDA-C។
* ពួកថាស៊ីយឺស៊ីឡា (Tahsiyecier)
នេះជាក្រុមតូចមួយដែលមានសមានចិត្តនឹងពួកអាល់កៃដា ហើយត្រូវបានដឹកនាំដោយ អ្នកកាសែតឈ្មោះ មេមែត ដូហ្គេន (Mehmet Dogan)។ ទោះបីពួកនេះមិនដែលមានប្រវត្តិហិង្សា ប៉ូលីសបានរកឃើញថា ពួកគេមានកាំភ្លើងដៃ កាំភ្លើងធន់ធំ គ្រាប់បែក គ្រាប់បែកផ្សែងជាដើម និងគ្រាប់កាំភ្លើងជាដើម។ រួមជាមួយគ្នានេះផងដែរ គេបានរកឃើញនូវវីដេអូមួយដែល ដូហ្គេន បានផ្សព្វផ្សាយអោយអ្នកគាំទ្ររបស់ខ្លួន បង្កើតគ្រាប់បែក និងឧបករណ៍បំផ្លោងគ្រាប់បែកនានាតាមផ្ទះ ដើម្បីចូលរួមនឹងពួកជីហាដ។
អ្នកជំនាញមួយចំនួនមិនចាត់ទុកក្រុមនេះ ជាបណ្តាញអាល់កៃដាឡើយ តែជាជនរងគ្រោះ ដែលអ្នកនយោបាយតាមប្រមាញ់ ដើម្បីបំពេញមុខប៉ុណ្ណោះ។ ទោះយ៉ាងណាក្តី នេះជាក្រុម មួយដែលមានការបញ្ចេញមតិជ្រុលនិយម បង្ហាញការគាំទ្រដល់ក្រុមភេរវកម្មយ៉ាងពេញទំហឹង។ ជាក់ស្តែង នៅក្នុងបទសំភាសន៍មួយនៅប៉ុស្តិ៍ CNN-តួកគី លោក ដូហ្គេន បាននិយាយថា គាត់ស្រលាញ់ អូសាម៉ា ប៊ិនឡាដិន។
* ពួកហីពអាត់ថារី (Hizb-ut-Tahrir)
នេះជាអង្គការរ៉ាឌីកាល់អ៊ីស្លាមដែលមានគ្នីគ្នានៅបណ្តា ៥០ប្រទេស និងត្រូវបានបង្កើតឡើងនៅ ហ្សេរុយសាឡឹម ក្នុងឆ្នាំ១៩៥៣ ក្នុងគោលបំណងបង្កើតទឹកដីដែលដឹកនាំដោយ អ៊ីស្លាម ដើម្បីពិភពមូស្លីម។ ក្រុមនេះដំណើការតាំងពីឆ្នាំ១៩៦០ មកម្ល៉េះ។ ក្រុមនេះមានបណ្តាញផ្សព្វផ្សាយកាសែត និង ទស្សនាវត្តីផ្ទាល់ខ្លួន មានឈ្មោះថា Koklu Degisim ចុះផ្សាយជាភាសាតួកគី។ កាលពីខែមីនា ឆ្នាំ ២០១៦ ក្រុមនេះបានប្រារព្ធពិធីខួបអន្តរជាតិ ទី៩២ នៃការបាត់បង់ទឹកដីមូស្លីម ទាក់ទាញអ្នកចូលរួមបានដល់ទៅ ៥,០០០នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ា។
* ក្រុមជីហាដតួកគីមុនសង្គ្រាមនៅស៊ីរី
ក្រុមជីហាដតួកគីបានប្រឡូកក្នុងសង្គ្រាមក្រៅប្រទេសមួយចំនួន ក្នុងនោះមានដូចជាសង្គ្រាមអាហ្វហ្គានក្នុងឆ្នាំ១៩៨០ និង សង្រ្គាមបូស្នៀ ឆ្នាំ១៩៩០។ ប្រជាជនតួកគីយ៉ាងហោចណាស់ ០៥នាក់ បានស្លាប់ក្នុងសង្គ្រាមស៊ីវិលអាហ្វហ្គាន និង ២១នាក់ក្នុងជំលោះនៅ បូស្នៀ។ ក្រុមអ្នកវាយប្រហារទាំងនេះ ធ្វើដំណើរឆ្ងាយពីប្រទេសតួកគី ទៅធ្វើសង្គ្រាមដល់ អូហ្គាដិន អេត្យូពី កាស្មៀ ឥណ្ឌា និង ឆែកន្យ៉ា។
ចំនួនក្រុមជីហាដតួកគីកាន់តែកើនឡើង ក្រោយសកម្មភាពរបស់ពួកអាល់កៃដា។ ជាក់ស្តែងចំនួនអ្នកប្រវាយប្រហារតួកគី កើនឡើងដល់រាប់រយនាក់នៅអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន។ ក្រុមអាល់កៃដាជាជនជាតិតួកគីជាច្រើន ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងភេរវកម្មឃាតកម្ម បំផ្ទុះគ្រាប់បែកទាហានអាមេរិក ដែលឈរជើងនៅអ៊ីរ៉ាក់។ អ្នកខ្លះជាមេដឹកនាំ ដូចជា សឺដាល់ អឺបាស៊ី ជាដើមដែលជាមេដឹកនាំក្រុម អាល់កៃដា ប្រចាំនៅប្រទេសតួកគី និង តំបន់ ខ័រខូស កាលពី ឆ្នាំ ២០១០។ របាយការណ៍ ឆ្នាំដដែលបានបង្ហាញពីការកើនឡើងនូវប្រជាប្រិយភាព នៃគេហទំព័រតួកគីនៅក្នុងសិល្បៈ ល្ខោនរបស់ពួកជីហាដ ជនជាតិអាហ្គានីស្ថាន ប៉ាគីស្ថាន។ អ្នកជំនាញបានលើកឡើងថា ប្រទេសតួកគីបានក្លាយជាទ្វារដែលបើកផ្លូវអោយអាល់កៃដា ទាំងលំហូរហិរញ្ញវត្ថុ និង ការកែនអ្នកគាំទ្រ។
អ្នកប្រយុទ្ធជីហាដទាំងនេះដែលត្រឡប់ពីធ្វើសង្គ្រាម និងការវាយប្រហារនៅប្រទេសមកតួកគីវិញ នឹងផ្តល់ជាគ្រោះថ្នាក់ដល់ប្រទេស។ ជនល្មើសអ្នកត្រឡប់មកពីសង្រ្គាម អាហ្វហ្គាន ឆ្នាំ១៩៨០ ជាអ្នកធ្វើការវាយប្រហារនៅទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកដែលត្រឡប់ពីសង្រ្គាមបានក្លាយជាមេដឹកនាំ IS នៅតួកគី ភាគច្រើនមានទំនាក់ទំនងនឹងក្រុមជីហាដឆ្នាំ១៩៨០ និង២០០១៕