(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយាថា លោកមានទំនាក់ទំនងយ៉ាងល្អជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CBN កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថាយើងមានទំនាក់ទំនងល្អប្រសើរ ហើយខ្ញុំគិតថា វាគឺជារឿងល្អ និងមិនមែនជារឿងអាក្រក់ឡើយ... យើងគឺជាមហាអំណាចនុយក្លេអ៊ែរដ៏មានភាពខ្លាំងក្លាបំផុត តែនេះមិនមែនមានន័យថា យើងមិនចាំបាច់មានទំនាក់ទំនង ណាមួយជាមួយនឹងគ្នានោះទេ»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានកត់សម្គាល់ផងដែរពីសារៈសំខាន់ នៃជំនួបសន្ទនាជាមួយលោក ពូទីន បើទោះជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនក៏ដោយ។
គួរបញ្ជាក់ថា លទ្ធផលដំបូងនៃជំនួបទល់មុខរវាង លោក ត្រំា និងលោក ពូទីន នៅ G20 នោះគឺភាគីទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់នៅប្រទេសស៊ីរី។ ក៏ប៉ុន្តែទន្ទឹមនឹងការលើកឡើងរបស់លោក ត្រាំ ថា មានទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បែរជាអះអាងថា រុស្ស៊ីអស់ការអត់ធ្មត់ហើយ ចំពោះជម្លោះការទូតនឹងសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត លោក Peskov បានបញ្ជាក់ថា រុស្ស៊ីនឹងមិនទុកឱ្យរឿងនេះអូសបន្លាយពេលតទៅទៀត ឬក៏ឱ្យវាបញ្ចប់ទៅដោយគ្មានការចាត់វិធានការឆ្លើយតបនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនាំគ្នាចុះផ្សាយថា ទីក្រុងម៉ូស្គូ កំពុងគិតគូររឹបអូសទ្រព្យសម្បត្តិអាមេរិក និងបណ្ដេញមន្ត្រីទូតអាមេរិកជិត ៣០នាក់ ចេញពីប្រទេសជាការសងសឹកទៅនឹង ការបណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ ចេញពីសហរដ្ឋអាមេរិក ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦៕