(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមនិងភរិយាបានធ្វើដំណើរមកដល់ប្រទេសបារាំងហើយ នាថ្ងៃព្រហស្បតិ៍នេះ នៅឯអាកាសយានដ្ឋាន Orly ភាគខាងត្បូងនៃទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានមកដល់រដ្ឋធានីនៃប្រទេសបារាំងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប៉ារីស) បន្ទាប់បានធ្វើការហោះហើរទាំងយប់ចេញពីរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានម៉ោងមុនជំនួបពិភាក្សារវាងរូបលោក និងប្រធានាធិបតីបារាំង លោក Emmauel Macron ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាសំខាន់ៗមួយចំនួន រួមមានវិបត្តិនៅស៊ីរីជាដើម និងរិះរកយុទ្ធសាស្រ្តបង្ក្រាបអំពើភេរវកម្ម ដែលមានភាពទូលំទូលាយជាងមុន។
គួរបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសនេះ លោក ត្រាំ ក៏នឹងធ្វើការអបអរខួបគម្រប់ ១០០ឆ្នាំ នៃការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមលោកលើកទីមួយ តាមរយៈការចុះសួរសុខទុក្ខកងទ័ពអាមេរិកនៅទីនោះ និងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងបុណ្យជាតិបារាំង Bastille Day ផងដែរ៕