(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងចំណាយលុយ ៥០លានដុល្លារសហរដ្ឋអាមេរិក ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលនឹងអាចបង្កើនសមត្ថភាពការពារខ្លួនរបស់យន្តហោះចម្បាំងប្រភេទទីហ្វុង ឲ្យកាន់តែខ្លាំងថែមទៀតបាន (Typhoon)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Michael Fallon បានថ្លែងឲ្យដឹងថា «កងកម្លាំងយោធារបស់យើង កំពុងប្រឈមមុខយ៉ាងខ្លាំងជាមួយការគំរាមកំហែងផ្សេងៗ ដែលមានការប្រែប្រួលឥតឈប់ឈរ មិនទៀងទាត់នោះឡើយ ដូច្នេះហើយយើងត្រូវតែធ្វើការបណ្តាក់ទុនវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗ និងទំនើបៗ ដើម្បីធានាថា ពួកគេមានលទ្ធភាពក៏ដូចជាសមត្ថភាព ក្នុងការបំពេញប្រតិបត្តិការ នៅលើដែនដីរបស់សត្រូវ»។
គួរបញ្ជាក់ថា កិច្ចព្រមសន្យានៃការអភិវឌ្ឍបច្ចេកវិទ្យានេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុន Leonardo មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលនឹងធ្វើការបង្កើនសមត្ថភាពនៃប្រព័ន្ធការពារខ្លួន DASS របស់យន្តហោះចម្បាំង Typhoon។ ប្រព័ន្ធនេះមានសមត្ថភាព ធ្វើការការពារយន្តហោះចម្បាំង Typhoon ពីយន្តហោះចម្បាំងរបស់សត្រូវ និងការវាយប្រហារដោយគ្រាប់មីស៊ីលបាន។ ដោយឡែកយន្តហោះចម្បាំង Typhoon គឺជាយន្តហោះចម្បាំងមានសមត្ថភាពចម្រុះច្រើនបែប ដែលអាចបំពេញបេសកកម្មវាយប្រហារពីលើដែនអាកាស ទៅកាន់ផ្ទៃដីបានដោយប្រសិទ្ធភាពខ្ពស់ និងអាចបំពាក់សព្វាវុធក៏ដូចជាសម្ភារៈផ្សេងៗ បានច្រើនប្រភេទយ៉ាងសម្បូរបែប៕