(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសម៉ាឡេស៊ី លោក Hishammuddin Hussein នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា លោកនឹងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់វិបត្តិការទូតរវាងកាតា និងប្រទេសអារ៉ាប់ជិតខាង នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចនៅកាន់បណ្ដារដ្ឋអារ៉ាប់ ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
លោក Hussein នៅក្នុងសម្រង់សម្ដីមួយចុះផ្សាយដោយ The Star Online បានលើកឡើងយ៉ាងដូច្នេះថា «យើងត្រូវការបង្ហាញទៅកាន់បណ្ដាប្រទេសអារ៉ាប់ថា ម៉ាឡេស៊ី និងតំបន់ទំាងមូល ពិតជាមានការព្រួយបារម្ភ ចំពោះវិបត្តិការទូតបច្ចុប្បន្ន... ខ្ញុំសង្ឃឹមថា អាចនឹងរកឃើញស្ថានភាពជាក់ស្ដែង និងទទួលបានព័ត៌មានបន្ថែមពីបណ្ដាមេដឹកនាំអារ៉ាប់ ហើយបើទោះជាម៉ាឡេស៊ី កំពុងដើរតួនាទីណាមួយក៏ដោយ ប៉ុន្តែយើងនៅតែត្រូវដឹងឱ្យច្បាស់ថា តើហេតុអ្វីបានជាពួកគេមានជម្លោះការជាមួយកាតា»។
គួរបញ្ជាក់ថា បើតាម The Star Online លោក Hishammuddin Hussein ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាការងារជាមួយមេដឹកនាំ បារ៉ែន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម នៅអំឡុងដំណើរទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះ៕