(អាមេរិក)៖ កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការ NASA បានប្រកាសថា យានអវកាស Juno របស់ពួកគេ ដែលសព្វថ្ងៃនេះកំពុងស្ថិតក្នុងគន្លងតារាវិថីជុំវិញភពព្រហស្បតិ៍ (Jupiter) នោះ បានបំពេញការហោះ Flyby ដោយជោគជ័យ ទៅយ៉ាងកៀកនឹងព្យុះ Great Red Spot ដែលជាលក្ខណៈសម្បត្តិដ៏ពិសេសបំផុតប្រចាំភពឧស្ម័នយក្សនេះ និងពោរពេញទៅដោយអាថ៌កំបាំង។ ម៉្យាងវិញទៀតទិន្នន័យដែល Juno ប្រមូលបានក្នុងដំណើរបេសកកម្មលើកនេះ ត្រូវបានបញ្ជូនមកដល់ផែនដីហើយ ជាមួយនិងរូបភាពដ៏អស្ចារ្យជាច្រើននៃព្យុះដ៏ធំមហិកមានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ព្យុះខាងលើនេះជាប់ចំណាត់ថ្នាក់ជាព្យុះដ៏ធំជាងគេបង្អស់ ដែលគេបានដឹងនៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនិងមុខកាត់ប្រវែង ១៦,០០០គីឡូម៉ែត្រ ធំជាងអង្កត់ផ្ចិតរបស់ភពផែនដីទៅទៀត ហើយវាមានល្បឿនខ្យល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង នៅផ្នែកចុងខាងក្រៅបំផុតរបស់វា។ ព្យុះ Great Red Spot មានរូបរាងដូចជារង្វង់ពណ៌ក្រហមដ៏ជ្រៅមួយ ដែលហ៊ុមព័ទ្ធដោយស្រឡាប់ពណ៌លឿនខ្ចី, ទឹកក្រូច, និងពណ៌ស។
ព្យុះយក្សនេះបានបន្តសិ្ថតក្រោមការអង្កេតមើលយ៉ាងជាប់លាប់ពីភពផែនដី យ៉ាងហោចណាស់ចាប់តាំងតែពីឆ្នាំ១៨៣០មកម្ល៉េះ។ យ៉ាងណាមិញ Great Red Spot កាលពីមុនមានទំហំធំខ្លាំងរហូតអាចលេបភពប៉ុនៗផែនដី ដែលមានមុខកាត់ ១២,៧២៤គីឡូម៉ែត្របានដល់ទៅបីឯណោះ ក៏ប៉ុន្តែវាបាន និងកំពុងរួមតូចទៅៗក្នុងអំឡុងពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយប្រហែលជានៅទីបំផុត នឹងអាចរលាយបាត់តែម្តងថែមទៀតផង។
ទោះបីជាបែបនេះក្តី ព្យុះ Great Red Spot នៅតែជាលក្ខណៈសម្បត្តិដ៏សំខាន់ និងលេចធ្លោបំផុត របស់ភពដែលធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ។ ភពព្រហស្បតិ៍ ប្រៀបដូចជាដុំបាល់ពោរពេញទៅដោយឧស្ម័នមួយអ៊ីចឹង ដែលភាគច្រើនគឺជាអ៊ីដ្រូសែន និងអេល្យ៉ូម និងមានទំហំមុខកាត់អាចតម្រៀបភពផែនដីបន្តគ្នាចំនួន ១១ ហើយម៉ាសស្មើនឹងពីរដងនៃភពដទៃៗទៀតរួមបញ្ចូលគ្នាទៅទៀត។
គួរបញ្ជាក់ថា ការទៅជួប Great Red Spot យ៉ាងកៀកកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺជាការហោះ Flyby លើកទី០៦ និងចុងក្រោយគេបំផុត ក្នុងចំណោមបេសកកម្ម Flyby សរុបទាំងអស់ចំនួន១២លើក ដែលត្រូវបានគ្រោងទុកដោយអង្គការ NASA សម្រាប់យានអវកាស Juno។ ហើយ Juno នឹងធ្វើការហោះ Flyby បន្ទាប់ទៀតរបស់វាទៅក្បែរដុំពពករបស់ Jupiter នៅថ្ងៃទី០១ ខែកញ្ញា។
ខាងក្រោមនេះគឺជារូបភាពដ៏កៀកមិនធ្លាប់មានមួយចំនួន បង្ហាញពីរូបរាងនៃ Great Red Spot ដែលយានអវកាស Juno ថតយកបាននៅពេលស្ថិតក្នុងរយៈកម្ពស់ប្រមាណ ៩,០០០គីឡូម៉ែត្រ ពីលើព្យុះយក្សនេះ ក្នុងអំឡុងនៃការហោះ Flyby លើកទី០៦៖