(ម៉ូស្គូ)៖ នៅពេលដែល​កូរ៉េខាងជើង ធ្វើតេស្តបាញ់​សាកល្បងគ្រាប់មីស៊ីល​ផ្លោង​ឆ្លងទ្វីប ដោយជោគជ័យ​ជាលើក​ដំបូង​កាលពី​ថ្ងៃទី០៤ ខែកក្កដាថ្មីៗនេះ យោធា​សហរដ្ឋអាមេរិក មានឱកាស​យ៉ាងងាយ​ស្រួល ដើម្បីកម្ចាត់​ប្រមុខដឹកនាំកំពូល​ផុតលេខរបស់​ទីក្រុងព្យុងយ៉ាង​​គឺ លោក គីម ជុងអ៊ុន ចោល ក៏ប៉ុន្តែ​បានជ្រើសរើស​មិនធ្វើយ៉ាង​ដូច្នោះវិញ។ នេះបើតាម​អ្នកប្រឹក្សា​យោបល់​មួយរូប នៃក្រុមហ៊ុន​វិភាគ​​ស្ថានការណ៍​ភូមិសាស្រ្ត​នយោបាយ​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក គឺលោក Rodger Baker ថ្លែងប្រាប់​សារព័ត៌មាន Business Insider ដែល​ត្រូវបាន​ដកស្រង់ និងចេញផ្សាយ​បន្តដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

កាលពីពេល​ថ្មីៗនេះ សារព័ត៌មាន The Diplomat បានលើក​ឡើងថា កាលពីអំឡុងនៃការបាញ់សាកល្បងមីស៊ីលផ្លោង ICBM លោក គីម ជុនអ៊ុន ត្រូវ​​គេ​​រាយ​ការណ៍​​ថា បានបន្តមានវត្តមាននៅលើវេទិកាក្នុងទីតាំងធ្វើតេស្ត ហើយបានចំណាយពេលជក់បារី​អស់រយៈ​ពេល​​ជាង​មួយ​ម៉ោង​ដែល​ប្រការ​​នេះ​​បាន​អនុញ្ញាត​ឲ្យយោធា និងទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់របស់​សហរដ្ឋអាមេរិក មានឱកាស​សម្លាប់​លោក​មេដឹក​​នាំ​​​របស់​​កូរ៉េ​​ខាង​​ជើង​​​​បាន​​យ៉ាងងាយ។

ជុំវិញរឿងនេះ លោក Rodger Baker បាន​បកស្រាយថា យោធាអាមេរិក​ជាទូទៅដឹងច្បាស់ថា នៅពេលណា​​ដែល​ការ​ធ្វើ​​តេស្ត​មីស៊ីល​​របស់​កូរ៉េ​ខាង​ជើង​​​​ នឹង​ត្រូវ​ធ្វើឡើង ក៏ប៉ុន្តែមិន​ធ្លាប់​ដែល​បានបើកការ​វាយឆ្មក់ណាមួយ​ ដើម្បីបញ្ឈប់​សកម្មភាព​នោះឡើយ។ យ៉ាង​ណា​មិញ ជាគឺជារឿង​មិន​ធម្មតាមួយ ដែល​ទីក្រុងវ៉ាស៊ីនតោន​បានអនុញ្ញាតឲ្យលេចធ្លាយ​ព័ត៌មានថា លោក គីម ជុងអ៊ុន អាចត្រូវបាន​កម្ចាត់​ចោល តែកងទ័ព​អាមេរិកបាន​សម្រេចជ្រើសរើស​មិនធ្វើយ៉ាងដូច្នោះទៅវិញ។

លោក Baker មានជំនឿជឿ​ជាក់ថា វាអាចទៅរួច​ដែលថា សហរដ្ឋអាមេរិក​បានអនុញ្ញាតឲ្យ​លេច​ធ្លាយព័ត៌មាន​នេះ ដោយចេតនា ដើម្បី​បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន​មិនចង់​សម្លាប់លោក គីម ជុងអ៊ុន តាមរយៈ​ឱកាសនានា​ដែលខ្លួនមាន​នោះឡើយ ដោយសង្ឃឹមថា សូម្បី​តែ​​និមិត្តសញ្ញា​នៃសន្តិភាព​ដ៏តូចមួយ​បែបនេះក្តី អាចនឹង​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង បន្ថយល្បឿន​នៃការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​ផោ្លង​របស់ខ្លួន។ ដោយឡែក​លោក Baker បានបញ្ជាក់ទៀតថា ព័ត៌មាននេះ​អាចមានអត្ថន័យ​មួយផ្សេង​ទៀតថា លោក គីម មិន​មែនគ្មានចំណុច​ខ្សោយនោះ​ឡើយ ហើយបើសិន​ជាកម្មវិធី​អាវុធ​ប្រល័យលោក នៅតែបន្ត​ដោយឥតគ្មាន​ការកោតក្រែង​ទៀតនោះ សហ​រដ្ឋអាមេរិក អាចបើក​ការវាយប្រហារ​ទាំងកូរ៉េខាងជើង និងលោក គីម បានភ្លាមៗ។

គួរបញ្ជាក់ថា យោងតាម​សារព័ត៌មាន Business Insider នៅរាល់ពេល​ដែលមីស៊ីល​កូរ៉េខាងជើង ត្រូវបានបាញ់​បង្ហោះធ្វើតេស្ត វីដេអូជា​ច្រើន​តែងតែបានបង្ហាញពី​សកម្មភាព ប្រមុខដឹកនាំ​កំពូលផុតលេខ​របស់ទីក្រុងព្យុងយ៉ាង​រូបនេះ ធ្វើការទស្សនា​ដោយផ្ទាល់​នៅឯទីតាំង​នៃការសាកល្បងនោះ៕