(វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយផែនដីកម្រិត៥.៨រ៉ិចទ័រ ដែលបានកើតមានឡើងនៅក្បែរឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងជើង នាវេលាទាបភ្លឺ​​ថ្ងៃព្រហស្បតិ៍នេះ គឺបានបង្កឡើងដោយធម្មជាតិ ពុំមែនដោយសារតែការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ របបដឹកនាំទីក្រុងព្យុងយ៉ាង​នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Jamie Davis បានថ្លែងប្រាប់សារព័ត៌មាន Sputnik ថា «វាទំនងជាមិនបានបង្កការបំផ្លិច​បំផ្លាញណាមួយនៅឡើយ ហើយគ្រោះរញ្ជួយដីបានកើតឡើងដោយសារតែសកម្មភាពធម្មជាតិ»។ ជាមួយគ្នានេះ ក៏ពុំមានសេចក្តី​រាយ​ការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះឬការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយហេតុការណ៍នេះដែរ ហើយម៉្យាងវិញទៀតសេចក្តី​ព្រមាន​អំពីរលកយក្សស៊ូណាមិក៏មិនមានដូចគ្នា។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ​បានកើតឡើងកាលពីម៉ោង៤៖៤៨នាទីព្រលឹមទាបភ្លឺថ្ងៃព្រហស្បតិ៍នេះ (ក្នុងតំបន់កើតហេតុ) នៅឆ្នេរសមុទ្រជប៉ុន ចម្ងាយ​ប្រមាណ​​១៧៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Hoemul-li របស់ប្រទេសកូរ៉េខាងជើង ជាមួយនិងជម្រៅដល់ទៅ៥៤៧គីឡូម៉ែត្រ​ឯណោះ ដែលជម្រៅនេះវាជ្រៅជាងឆ្ងាយ បើធៀបនឹងហេតុការណ៍រញ្ជួយដី ដែលបង្កឡើងដោយការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរនៅ​ក្រោមដីរបស់ទីក្រុងព្យុងយ៉ាង៕