(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ដែលជាបេក្ខជនដ៏សំខាន់នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំ២០១៨ ត្រូវបានតុលាការកាត់ ទោសកាលពីថ្ងៃពុធ (ម៉ោងនៅប្រេស៊ីល) ឱ្យជាប់ពន្ធនាគារជិត១០ឆ្នាំ ពីបទពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ការសម្រេចចិត្តកាត់ទោស លោក Lula ឱ្យជាប់ពន្ធនាគាររយៈពេល០៩ឆ្នាំ និង០៦ខែ គឺជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងជាការរារាំងផ្លូវមិនឱ្យអតីតមេដឹកនាំរូបនេះ ត្រឡប់ចូលឆាកនយោ បាយវិញ ខណៈប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក Michel Temer ក៏កំពុងជាប់ផុងក្នុងរឿងអាស្រូវពុករលួយដែរ បន្ទាប់ពីអតីតប្រធានាធិបតីលោកស្រី Dilma Rousseff ត្រូវបានគេ ទម្លាក់ពីតំណែងដោយសារតែរឿងពុករលួយ។ ប៉ុន្តែយ៉ាងណា លោក Lula នៅមានសិទ្ធិប្ដឹងជំទាស់នឹងសាលក្រមនេះ ហើយមេធាវីរបស់លោកក៏បានបញ្ជាក់ដែរថានឹងប្ដឹងជំទាស់ទៅកាន់ តុលាការប្រេស៊ីល និងអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា បើតាមចៅក្រម លោក Sergio Moro បានរកឃើញថា លោក Lula មានអាយុ៧១ឆ្នាំ និងធ្លាប់ជាអតីតប្រធានាធិបតីប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ បានទទួល សំណូកជាង១.២លានដុល្លារ ពីក្រុមហ៊ុនសំណង់ OAS SA ដើម្បីជួយឱ្យក្រុមហ៊ុនមួយនេះទទួលបានកិច្ចសន្យា ជាមួយក្រុមហ៊ុនប្រេងរដ្ឋ Petroleo Brasiliero តែលោក Lula បានបដិសេធ៕