Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលតួកគី បានបញ្ជូនយន្តហោះដឹកទំនិញ ប្រមាណ២០០ជើង ទៅកាន់កាតា ចាប់តាំងពីវិបត្តិការទូតកើតឡើង

13-07-2017 09:04

(តួកគី)៖ រដ្ឋាភិបាលតួកគី បានបញ្ជូនយន្តហោះដឹកទំនិញ១៩៧ជើង, តាមរថយន្ត១៦គ្រឿង និងមួយនាវា ទៅកាន់ប្រទេសកាតា ដើម្បីជួយដោះស្រាយ តម្រូវការអាហារប្រចាំថ្ងៃ របស់កាតា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីខែមុន រវាងកាតា និងបណ្តាប្រទេស៤ផ្សេងទៀត នៅតំបន់ឈូងសមុទ្រ Gulf។ នេះបើតាមសម្តីរដ្ឋមន្ត្រីសេដ្ឋកិច្ចតួកគី លោក Nihat Zeybekci ចេញផ្សាយដោយសារព័ត៌មាន Reuters ឲ្យដឹងនៅយប់ថ្ងៃទី១២ ខែកក្កដានេះ។

នៅក្នុងជំនួបជាមួយ លោក Nihat Zeybekci នៅរដ្ឋធានី Ankara របស់តួកគី លោក Ahmed bin Jassim al-Thani រដ្ឋមន្ត្រីសេដ្ឋកិច្ចកាតា បានលើកឡើងថា ពាណិជ្ជកម្មផ្លូវសមុទ្រ និងតាមដែនអាកាស របស់ទីក្រុង Doha បាននឹងកំពុងបន្ត ដោយគ្មានការរាំងស្ទះនោះទេ បើទោះបីជាមានទណ្ឌកម្មក្តី។

សូមជម្រាបថា ​រដ្ឋាភិបាលទីក្រុង Ankara របស់តួកគី បានគាំទ្រដល់កាតា បន្ទាប់ពីអារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អេមីរ៉េតអារ៉ាប់រួម និងបារ៉ែន បានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយនឹងកាតា ដោយបានចោទប្រកាន់រដ្ឋាភិបាលតួកគី ថាបានគាំទ្រដល់អំពើភេរវកម្ម ខណៈការចោទប្រកាន់នេះ ត្រូវបានកាតាច្រានចោល៕