(មូស្គូ)៖ ក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យារុស្ស៊ី Kaspersky Lab បានប្រតិកម្មតបទៅនឹងការដាក់កំហិតមួយចំនួនមកលើអាជីវកម្ម និងសកម្មភាពរបស់ខ្លួនពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយចាត់ទុកថាខ្លួនបានក្លាយជាជនរងគ្រោះនៃការប្រកួតប្រជែងល្បែងនយោបាយ រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈវិមានក្រឹមឡាំង រិះគន់សកម្មភាពដែលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើ ថាជាចេតនានយោបាយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបឈ្មោះក្រុមហ៊ុន Kaspersky Lab មានមូលដ្ឋានក្នុងទីក្រុងមូស្គូ ចេញពីបញ្ជីចំនួនពីរដែលអនុញ្ញាត ក្នុងការលក់ប្រព័ន្ធបរិក្ខាបច្ចេកវិទ្យា ឱ្យទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ពីព្រោះតែព្រួយបារម្ភខ្លាចក្រែងក្រុមហ៊ុនមួយនេះមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកិច្ចរុស្ស៊ី ឬក៏ផលិតផលរបស់ Kaspersky អាចត្រូវបានប្រើបា្រស់ដោយវិមានក្រឹមឡាំង ដើម្បីចូលក្នុងបណ្ដាញ Networks អាមេរិក។ តែទោះជាយ៉ាងនេះក្ដី ការិយាល័យព័ត៌មានក្រុមហ៊ុន Kaspersky បានអះអាងថា « រឿងហេតុកំពុងកើតឡើង អាចបញ្ជាក់បានថា Kaspersky កំពុងត្រូវបានភាគីទំាងសងខាងប្រើប្រាស់ជាកូនអុកនយោបាយ... ចំណែកឯ ប្រធានក្រុមហ៊ុន លោក Eugene Kaspersky បានស្នើសុំជាច្រើនដងឱ្យមានការរៀបចំជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក ក៏ដូចជាផ្ដល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក ដើម្បីឆ្លើយតបរាល់សំណួរទំាងអស់ពីរដ្ឋាភិបាលអាមេរិក»។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការដាក់កំហិតរបស់សហរដ្ឋអាមេរិក លើក្រុមហ៊ុន Kaspersky ហើយជឿជាក់ថានេះគឺជាការសម្រេចចិត្តមាន លក្ខណៈនយោបាយ៕