(តួកគី)៖ តុលាការតួកគី បានចេញដីកាឃុំខ្លួនលើបុគ្គលិកស្ថានីយទូរទស្សន៍រដ្ឋ TRT ចំនួន៣៤នាក់។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ។ ដីកាចាប់ខ្លួន និងឃុំខ្លួននេះ ត្រូវបានចេញផ្សាយដោយការិយាល័យព្រះរាជអាជ្ញាទីក្រុង Ankara ដោយវាគឺជាផ្នែកមួយនៃការស៊ើបអង្កេត ទៅលើអ្នកគាំទ្របុព្វជិត Fetullah Gulen កំពុងរស់នៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលតួកគី ថាជាមេខ្លោងនៅពីក្រោយខ្នង នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមជនសង្ស័យត្រូវបានគេជឿជាក់ថា បានប្រើប្រាស់កម្មវិធី ByLock ជាកម្មវិធីផ្ញើសារមួយ ដែលរដ្ឋាភិបាលលើកឡើងថា វាជាកម្មវិធី ដែលក្រុមអ្នកគាំទ្រចលនា Gulenists ប្រើប្រាស់។
នៅក្នុងប្រតិបត្តិការមួយទៀត ក្រុមអាជ្ញាធរតួកគី បានបញ្ជាឲ្យចាប់ខ្លួនមនុស្សចំនួន១០៥នាក់ ដែលកំពុងធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងនោះរួមទាំងអតីត បុគ្គលិកក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងក្រុមអាជ្ញាធរទូរគមនាគមន៍របស់តួកគីផងដែរ ដោយចោទប្រកាន់មានការពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំមុន។
រដ្ឋាភិបាលតួកគី បានប្រកាសដាក់រដ្ឋស្ថិតក្នុងភាពអាសន្ន និងបានចេញប្រតិបត្តិការបង្ក្រាបយ៉ាងសម្បើមមួយ ទៅលើក្រុមអ្នកគាំទ្របុព្វជិត Gulen បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕