(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បាននិយាយថា ការអត់ធ្មត់របស់ទីក្រុងមូស្គូ បានដល់ទីបញ្ចប់ហើយពាក់ព័ន្ធនឹងវិបត្តិការទូតជាមួយសហរដ្ឋអាមេរិក ដែលបានរឹបអូសទ្រព្យសម្បត្តិការទូត និងបណ្ដេញមន្ត្រីទូតរុស្ស៊ីចេញពីទីក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៦។ នេះបើតាមអ្នកនំាពាក្យវិមានក្រឹមឡាំង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងមូស្គូ អ្នកនំាពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងដូច្នេះថា៖ «ផ្អែកលើច្បាប់អន្តរជាតិ រុស្ស៊ីមិនអាចទុកឱ្យជម្លោះការទូត ជាមួយសហរដ្ឋអាមេរិក អូសបន្លាយពេលតទៅទៀតនោះទេ ហើយក៏មិនអាចឱ្យរឿងបែបនេះកន្លងហួស ដោយមិនមានការចាត់វិធានការឆ្លើយតបនោះដែរ...ប៉ុន្តែព្រមពេលជាមួយគ្នា យើងក៏សង្ឃឹមដែរថា នៅទីបញ្ចប់សហរដ្ឋអាមេរិក នឹងបង្ហាញពីឆន្ទៈនយោបាយកែតម្រូវការរំលោភលើច្បាប់អន្តរជាតិនេះ ជាមួយនឹងការទទួលស្គាល់កំហុស»។ តែយ៉ាងណា លោក Peskov មិនបានបញ្ជាក់ឡើយថាពេលណាទើបទីក្រុងមូស្គូ ចាត់វិធានការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន នោះទេ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានរុស្ស៊ី Izvestia ទីក្រុងមូស្គូ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបណ្ដេញចេញមន្ត្រីទូតអាមេរិកជិត ៣០នាក់ ក៏ដូចជារឹបអូសទ្រព្យសម្បត្តិរបស់ សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ហើយវិធានការទំាងនេះអាចនឹងត្រូវធ្វើឡើងដើម្បីជាការសងសឹក ទៅនឹងការសម្រេចចិត្តរបស់លោក បារ៉ាក់ អូបាម៉ាដែលបានបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ និងគ្រួសារ ចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោមហេតុផលថាទីក្រុងមូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕