(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិក បានធ្វើការបាញ់ទម្លាក់ដោយជោគជ័យនូវគ្រាប់មីស៊ីលផ្លោងរយៈមធ្យម (IRBM) ដែលស្រដៀងទៅនឹងប្រភេទមីស៊ីល កំពុងត្រូវបានអភិវឌ្ឍន៍ដោយប្រទេសមួយចំនួន ដូចជាកូរ៉េខាងជើងជាដើម នៅក្នុងការធ្វើតេស្តសាកល្បងសមត្ថភាពថ្មីដ៏សន្លាងបំផុត ទៅលើប្រព័ន្ធខែលការពារមីស៊ីល THAAD៕
២៖ យានអវកាស Juno របស់អង្គការ NASA ដែលកំពុងស្ថិតក្នុងគន្លងក្បែរភពព្រហស្បតិ៍ (Jupiter) បានចាប់ផ្តើមបញ្ជូនទិន្នន័យ ក៏ដូចជារូបភាពដ៏កៀកបំផុតមិនធ្លាប់មាននៃបាតុភូតដ៏អាថ៌កំបាំង «Great Red Spot» ហើយនៅក្នុងអំឡុងនៃការហោះ Flyby៕
៣៖ នាវាដឹកជញ្ជូនពលទាហានចិនទៅកាន់មូលដ្ឋានយោធា នៅក្រៅប្រទេសដំបូងគេរបស់ទីក្រុងប៉េកាំង នៅឯប្រទេស Djibouti (ជីប៊ូទី) ភាគខាងកើតទ្វីបអាហ្វ្រិកនោះបានចាកចេញពី ប្រទេសចិនហើយ ដើម្បីចាប់ផ្តើមដំណើរការនៃការបោះមូលដ្ឋានទ័ពនៅទីនោះ៕
៤៖ សហរដ្ឋអាមេរិក និងកាតាបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការផ្ដល់ហិរញ្ញវត្ថុដល់ពួកភេរវករ ខណៈបណ្ដារដ្ឋអារ៉ាប់ជិតខាង ចោទទីក្រុង ដូហាថាបានគំាទ្រពួកភេរវករ៕
៥៖ ជប៉ុន កំពុងគិតគូរផ្លាស់ប្ដូរទីតាំងយន្ដហោះចម្បាំងអាមេរិក១២០គ្រឿង ដែលកំពុងប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិចពីខេត្ត Kanagawa ទៅកាន់ទីក្រុង Iwakuni នៃខេត្ត Yamaguchi ដោយសារមានការតវ៉ាជំទាស់នឹងការបំពុលបរិស្ថានពីយន្ដហោះទាំងនេះ៕
៦៖ កងទ័ព កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលជាសម្ព័ន្ធទាំងបីមានសត្រូវរួមមួយគឺ កូរ៉េខាងជើងនោះ បានប្តេជ្ញាជាថ្មីថានឹងរួមគ្នាដាក់សម្ពាធគ្រប់បែបយ៉ាងឲ្យបានខ្លាំងក្លាប្រឆាំង នឹងទៅនឹងសកម្មភាពបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង៕