(អាមេរិក)៖ បុរសជនជាតិអាមេរិកវ័យ ២៩ឆ្នាំម្នាក់ រស់នៅក្នុងភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ដែលបានជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ យ៉ាងហោចណាស់ដល់ទៅបួននាក់នោះ អាចប្រឈមមុខនឹងការជាប់ការពន្ធនាគារ រយៈ៣០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក NBC ជនសង្ស័យខាងលើមានឈ្មោះថា Gilbert Andrew Chavarria និងរហស្សនាមថា «The Creeper» បានលួចគាស់ចូលផ្ទះសម្បែង និងប្រព្រឹត្តសកម្មភាព រំលោភផ្លូវភេទលើកុមារចំនួនបួននាក់ នៅឯទីក្រុង Escondido និង San Marcos ដែលស្ថិតចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងឡូសអាន់ជែឡែស កាលពីខែមិថុនា និងកក្កដា ឆ្នាំ២០១៣។
ប៉ូលិសអាមេរិកបានជឿជាក់ថា ជនល្មើសឥតកេរ្តិ៍ខ្មាស់រូបនេះ បានកាត់សម្លៀកបំពាក់គេងយប់របស់ជនរងគ្រោះ នៅក្នុងអំឡុងពេលនៃការប្រព្រឹត្តសកម្មភាពរំលោភផ្លូវភេទ ហើយជនរងគ្រោះភាគច្រើនគឺជាក្មេងជំទង់ៗ ខណៈជនរងគ្រោះដែលមានវ័យតិចជាងគេបង្អស់ មានអាយុត្រឹម ០៥ឆ្នាំប៉ុណ្ណោះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា ពួកគេពុំទាន់បានកំណត់ច្បាស់ នូវចំនួនរងគ្រោះទាំងអស់ ដែលបានធ្លាក់ក្រោមទង្វើរំលោភផ្លូវភេទរបស់ជន Chavarria នៅឡើយទេ និងកំពុងតែស្នើសុំជំនួយបន្ថែម ក៏ដូចជាការសហការពីសាធារណជន ក្នុងការតាមស្វែងរកជនរងគ្រោះដទៃទៀត។
គួរបញ្ជាក់ថា ជន Chavarria ដែលមានការងារនៅយានដ្ឋានមួយកន្លែង និងមានកូនម្នាក់ផងដែរនោះ ពុំបានទទួលសារភាពកំហុស ចំពោះបទចោទប្រកាន់ទោសឧក្រិដ្ឋទាំង ២២ករណី រួមមានទាំងអំពើលួចប្លន់, ប្រើអំពើហិង្សា, ប្រព្រឹត្តសកម្មភាពផ្លូវភេទមិនសមរម្យលើកុមារ, និងមានលួចលាក់ទុកនូវរឿងអាសអាភាសផ្លូវភេទរបស់កុមារ ជាដើមនោះឡើយ។ យ៉ាងណាមិញជនសង្ស័យរូបនេះ នឹងត្រូវឡើងតុលាការជាថ្មីម្តងទៀតនាថ្ងៃទី២២ ខែកញ្ញា ខាងមុខ ហើយប្រសិនបើត្រូវតុលាការផ្តន្ទាទោសមែននោះ ជន Chavarria អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៣០០ឆ្នាំ៕