(វ៉ាស៊ីនតោន)៖ ប្រទេសអ៊ីរ៉ង់កំពុងតែបន្តបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយនៅតែអ្នកឧបត្ថម្ភដ៏ធំបំផុត នៃអំពើភេរវកម្ម។ នេះបើតាមការលើកឡើងរបស់ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក Mike Pompeo ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ជាងនេះទៅទៀត លោក Pompeo បានបន្ថែមថា ការផ្សព្វផ្សាយឥទ្ធិពលរបស់អ៊ីរ៉ង់នេះ ប្រហែលជាអាចប្រែក្លាយជាបញ្ហាប្រឈមដ៏ធំសម្បើមមួយ សម្រាប់គោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក នៅពេលអនាគតបាន។ ប្រធានទីភ្នាក់ងារចារកិច្ចអាមេរិករូបនេះ បានថ្លែងនាពេលថ្មីៗនេះថា «សាធារណរដ្ឋអ៊ីរ៉ង់ គឺជាប្រជាជាតិដ៏ខ្លាំងក្លាមួយ ដែលនៅតែមានឈ្មោះជារដ្ឋគាំទ្រភេរវកម្មដ៏ធំជាងគេបំផុតនៅលើពិភពលោក ខណៈកម្លាំង និងឥទ្ធិពលរបស់ប្រទេសមួយនេះ កំពុងតែបន្តកើនឡើងឥតឈប់ឈរ ជាពិសេសនោះគឺក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះតែម្តង»។
លោក Pompeo បានបន្តទៀតថា «នៅពេលដែលយើងក្រឡេកមើលទៅ អ្វីដែលកំពុងកើតឡើងនៅប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់សព្វថ្ងៃនេះ អ្នកអាចឃើញយ៉ាងច្បាស់អំពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ដោយអ៊ីរ៉ង់ជាក់ស្តែងគឺជាមហាអំណាច ដែលមានឥទ្ធិពលដ៏សម្បើមមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានឆ្លៀតឱកាសគេចរួចផុតពី ការដាក់គន្លាតពីសហគមន៍អន្តរជាតិកាលពីឆ្នាំ២០១៥ នៅពេលដែលទីក្រុងតេហេរ៉ង់ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០១៦។ កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាច ០៥+០១ រួមមាន ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បូកជាមួយនិង អាល្លឺម៉ង់ បានដាក់កម្រិតទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច និងការទូតអន្តរជាតិចេញពីទីក្រុងតេហេរ៉ង់ដោយសន្សឹមៗវិញ៕