(ប៉េកាំង)៖ រដ្ឋាភិបាលចិនបាននិយាយថា ខ្លួនពិតជាហត់នឿយណាស់ ចំពោះសហរដ្ឋអាមេរិកដែលដាក់សម្ពាធលើទីក្រុងប៉េកាំង ឱ្យបញ្ឈប់សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ដោយថែមទាំងបានអំពាវនាវឱ្យប្រជាជាតិទាំងអស់ គួរតែចូលរួមទប់ស្កាត់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងពីសំណាក់ទីក្រុងព្យុងយ៉ាង ជាជាងទម្លាក់ការទទួលខុសត្រូវមកលើតែចិន។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់ លោក Geng Shuang កើតមានឡើងចំពេលគេគ្រប់គ្នា ជាពិសេសសហរដ្ឋអាមេរិក យល់ថា ទីក្រុងប៉េកាំងមានឥទ្ធិពលលើរបបដឹកនាំទីក្រុងព្យុងយ៉ាង ត្បិតសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្ម ៩០ភាគរយ របស់កូរ៉េខាងជើងគឺអាស្រ័យលើចិន។ ដូច្នេះហើយទើបទីក្រុងវ៉ាស៊ីនតោន តែងតែដាក់សម្ពាធ និងព្រមានចិនជាច្រើនដង ឱ្យជួយបញ្ចុះបញ្ចូលកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ បើពុំដូច្នេះទេខ្លួននឹងដោះស្រាយដោយខ្លួនឯង ដូចដែលធ្លាប់បានធ្វើនាពេលកន្លងមក ក្នុងនោះរួមមានទំាងការដាក់ទណ្ឌកម្មលើបុគ្គល ឬក៏អង្គភាពចិន ជាប់ពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុដល់របបដឹកនាំ លោក គីម ជុនអ៊ុន។
ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Geng Shuang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែចិនមិនមែនជាដើមហេតុ ធ្វើឱ្យស្ថានភាពលើឧបទ្វីបកូរ៉េតានតឹង ចិនគ្មានហេតុផលណាត្រូវទទួលខុសត្រូវលើរឿងនេះទេ... នាពេលថ្មីៗនេះមនុស្សមួយចំនួនបាននិយាយបំផ្លើស ពីបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងទម្លាក់កំហុសទាំងស្រុងមកលើចិន ហើយខ្ញុំគិតថា នេះមកពីពួកគេទទួលបានព័ត៌មានគ្រប់គ្រាន់ ឬក៏ចង់បង្វែរការទទួលខុសត្រូវប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតបានតែស្នើអ្នកដទៃធ្វើការងារ ប៉ុន្តែខ្លួនឯងវិញគ្មានធ្វើអ្វីសោះ តែបែរជាលួចចាក់គេពីក្រោយខ្នងទៅទៀត... ដូច្នេះការដែលថា ចិនជាអ្នកទទួលខុសត្រូវលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងគួរតែបញ្ឈប់»។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងប៉េកាំងបានកាត់បន្ថយមិនតិចនោះទេ នូវការនាំចូលធ្យូងថ្ម និងទំនាក់ទំនងយោធាជាមួយកូរ៉េខាងជើង ក្រោមក្របខ័ណ្ឌនៃការអនុវត្តន៍ដំណោះស្រាយទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ប៉ុន្តែអ្នកជំនាញមួយរូបយល់ថា នេះមិនមែនជាចេតនាពិតរបស់ចិនឡើយ ពោលគឺទីក្រុងប៉េកាំងធ្វើដូចនេះ ដើម្បីបន្ធូរបន្ថយ សម្ពាធពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយក៏ចង់ផ្ដល់មេរៀនខ្លះដល់កូរ៉េខាងជើងផងដែរថា បើនៅតែបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរ នោះសហរដ្ឋអាមេរិកនឹងរឹតតែមានលេសដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល ក៏ដូចជាពង្រីកឥទ្ធិពលយោធាកាន់តែខ្លាំងនៅក្នុងតំបន់ ដែលនេះអាចនឹងទាញឱ្យចិនត្រូវប្រឈមមុខដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិកនៅថ្ងៃណាមួយ៕