(ម៉ូស្គូ)៖ កងទ័ពនៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលជាសម្ព័ន្ធទាំងបីមានសត្រូវរួមមួយគឺ កូរ៉េខាងជើងនោះ បានប្តេជ្ញានៅថ្ងៃពុធនេះថា នឹងរួមគ្នាដាក់សម្ពាធគ្រប់បែបយ៉ាង ឲ្យបានខ្លាំងក្លាជាទីបំផុតតែម្តង ប្រឆាំងនឹងទៅនឹងសកម្មភាពបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង ជាពិសេសការបន្តអភិវឌ្ឍន៍ និងបាញ់តេស្តគ្រាប់មីស៊ីលឥតឈប់ឈរ ផ្គើននឹងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ភាគីទាំងបីបានឯកភាពគ្នាយ៉ាងដូច្នេះថា «យើងសូមធ្វើការថ្កោលទោស ទៅលើការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប កាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលវាពិតជាបង្ហាញយ៉ាងច្បាស់ក្រឡែតថា ជាទង្វើរំលោភបំពានដំណោះស្រាយនានារបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ»។ មន្ត្រីយោធានៃប្រទេសសម្ព័ន្ធទាំងបី ក៏បានអះអាងបន្ថែមទៀតដែរក្រោយពីកិច្ចប្រជុំរួមគ្នាមួយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងកំពុងតែបង្កនូវការគំរាមកំហែងខ្លាំងឡើងចំពោះសន្តិភាព និងសន្តិសុខរបស់សកលលោក ដូច្នេះយើងត្រូវតែធ្វើការសម្របសម្រួល ដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េក្លាយជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍មុន កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងប្រកបដោយជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-14 ក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ គ្រាប់មីស៊ីលនេះត្រូវបានធ្វើតេស្ដ នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ហើយវាអាចរត់បានចំងាយ ៩៣៣គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈកម្ពស់ដល់ទៅ ២,៨០២គីឡូម៉ែត្រ ក្នុងរយៈពេល ៣៩នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
ចំពោះសម្ពាធដ៏ខ្លាំងក្លាដែល កូរ៉េខាងត្បូង អាមេរិក និងជប៉ុន អះអាងថា នឹងដាក់បន្ថែមទៅលើប្រទេសកូរ៉េខាងជើងនោះ គឺការទាមទារឲ្យមានដំណោះស្រាយដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងមុន ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខ UN ទៅលើទីក្រុងព្យុងយ៉ាង ខណៈប្រទេសអង់គ្លេស និងបារាំង ដែលសមាជិកអចិន្ត្រៃយ៍ដ៏មានឥទ្ធិពលនោះ ក៏បានគាំទ្រចំពោះការទាមទារឲ្យមានដំណោះស្រាយបន្ថែម លើកូរ៉េខាងជើងនេះដែរ។ ប៉ុន្តែសម្រាប់ចិន និងរុស្ស៊ីវិញ ពិបាកនឹងឲ្យគេនឹកស្មានដល់ណាស់ថា គាំទ្រឬក៏អត់ ព្រោះប្រសិនបើដំណោះស្រាយ ឬទណ្ឌកម្មលើកូរ៉េខាងជើងនោះ អាចនាំឲ្យប៉ះពាល់ដល់ប្រយោជន៍មហាយក្សទាំងពីរ ពួកគេនឹងមិនបោះឆ្នោតគាំទ្រឡើយ៕