(ប៉េកាំង)៖ នាវាដឹកជញ្ជូនពលទាហានចិនទៅកាន់មូលដ្ឋានយោធា នៅក្រៅប្រទេសដំបូងគេរបស់ទីក្រុងប៉េកាំង នៅឯប្រទេស Djibouti (ជីប៊ូទី) ភាគខាងកើតទ្វីបអាហ្វ្រិកនោះ បានចាកចេញពីប្រទេសចិនហើយ ដើម្បីចាប់ផ្តើមដំណើរការនៃការបោះមូលដ្ឋានទ័ពនៅទីនោះ ស្របពេលដែលចិន កំពុងតែព្យាយាមបង្កើនឥទ្ធិពលយោធានៅជុំវិញសាកលលោក មិនឲ្យចាញ់រុស្ស៊ី និងសហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ទីតាំងភូមិសាស្រ្តរបស់ប្រទេស Djibouti នៅចុងភាគពាយ័ព្យនៃមហាសមុទ្រឥណ្ឌា បានបង្កក្តីព្រួយបារម្ភយ៉ាងនៅក្នុងប្រទេសឥណ្ឌាថា វានឹងក្លាយជា «ខ្សែគុជសម្ព័ន្ធមិត្តយោធា» មួយផ្សេងទៀតរបស់ចិន ដែលនៅព័ទ្ធជុំវិញប្រទេសឥណ្ឌា រួមមានទាំងបង់ក្លាដែស មីយ៉ាន់ម៉ា និងស្រីលង្កាផងដែរ។
ចិនបានចាប់ផ្តើមការសាងសាង់មូលដ្ឋានដឹកជញ្ជូនមួយ នៅឯប្រទេស Djibouti ដែលមានទីតាំងយុទ្ធសាស្រ្តដ៏ពិសេសកាលពីឆ្នាំមុន ដែលនឹងផ្តល់ការផ្គត់ផ្គង់ដល់នាវាទ័ពជើងទឹក ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌ នៅក្បែរឆ្នេរសមុទ្រនៃប្រទេសយេម៉ែន និងសូម៉ាលី។ បន្ថែមពីនេះវានឹងក្លាយជាបន្ទាយយោធាជើងទឹកដំបូងបំផុត នៅឯក្រៅប្រទេសរបស់ចិន ទោះបីជាទីក្រុងប៉េកាំងហៅវាជាផ្លូវការថា គឺជាទីតាំងដឹកជញ្ជូនមួយក៏ដោយ។
គួរបញ្ជាក់ថា ប្រទេស Djibouti ដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសវែលស៍ ស្ថិតនៅច្រកភាគខាងត្បូងនៃសមុទ្រក្រហម ដែលនៅលើផ្លូវទៅឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។ ប្រទេសដ៏តូចមួយនេះ ដែលមានទីតាំងនៅចន្លោះប្រទេស Ethiopia, Eritrea, និង សូម៉ាលី ក៏ជាកន្លែងបោះមូលដ្ឋានរបស់សហរដ្ឋអាមេរិកិ ជប៉ុន និងបារាំងផងដែរ៕