(បរទេស)៖ យានអវកាស Juno របស់អង្គការ NASA ដែលកំពុងស្ថិតក្នុងគន្លងក្បែរភពព្រហស្បតិ៍ (Jupiter) នោះ បានចាប់ផ្តើមបញ្ជូនទិន្នន័យ ក៏ដូចជារូបភាពដ៏កៀកបំផុតមិនធ្លាប់មាន នៃបាតុភូតដ៏អាថ៌កំបាំង «Great Red Spot» ហើយនៅក្នុងអំឡុងនៃការហោះ Flyby នៅលើព្យុះពណ៌ក្រហមដ៏ធំមហិមានេះ ដែលបានធ្វើឲ្យអ្នកវិទ្យាសាស្រ្តនៅលើភពផែនដី មានការចាប់អារម្មណ៍ និងក្តីងឿងឆ្ងល់ជាខ្លាំងក្រៃលែងអស់រយៈពេលរាប់រយឆ្នាំកន្លងមកហើយនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
អ្នកវិទ្យាសាស្រ្តសង្ឃឹមថា ទិន្នន័យថ្មីនេះនឹងជួយលាតត្រដាងអាថ៌កំបាំងមួយចំនួនរួមមាន តើកម្លាំងអ្វីដែលកំពុងរុនច្រានព្យុះដ៏ចម្លែកនេះ, តើវាមានអាយុកាលយូរប៉ុណ្ណាហើយ, តើវាបានពុះចូលទៅក្នុងបរិយាកាស របស់ព្រហស្បតិ៍បានជ្រៅប៉ុណ្ណា, និងតើហេតុអ្វីបានជាវាហាក់បីដូចជាកំពុងតែបាត់បង់ថាមពល បន្តិចម្តងៗជាដើម។ ជាងនេះទៅទៀត ក្រុមអ្នកតារាវិទូក៏ជឿជាក់ផងដែរថា ការយល់ដឹងកាន់តែច្បាស់ និងកាន់តែច្រើនថែមទៀត អំពីព្យុះ Great Red Spot ប្រហែលជាអាចផ្តល់តំរុយសំខាន់ៗ ចំពោះរចនាសម្ព័ន្ធ ដំណើរការ និង ទម្រង់នៃការកកើតឡើងរបស់ភពព្រហស្បតិ៍ទាំងស្រុងតែម្តង។
ព្យុះខាងលើនេះជាប់ចំណាត់ថ្នាក់ជាព្យុះដ៏ធំជាងគេបង្អស់ ដែលគេបានដឹងនៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនិងមុខកាត់ប្រវែង ១៦,០០០គីឡូម៉ែត្រ ធំជាងអង្កត់ផ្ចិតរបស់ភពផែនដីទៅទៀត ហើយវាមានល្បឿនខ្យល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង នៅផ្នែកចុងខាងក្រៅបំផុតរបស់វា។ ព្យុះ Great Red Spot មានរូបរាងដូចជារង្វង់ពណ៌ក្រហមដ៏ជ្រៅមួយ ដែលហ៊ុមព័ទ្ធដោយស្រឡាប់ពណ៌លឿនខ្ចី, ទឹកក្រូច, និងពណ៌ស។
ព្យុះយក្សនេះបានបន្តសិ្ថតក្រោមការអង្កេតមើលយ៉ាងជាប់លាប់ពីភពផែនដី យ៉ាងហោចណាស់ចាប់តាំងតែពីឆ្នាំ១៨៣០មកម្ល៉េះ។ យ៉ាងណាមិញ Great Red Spot កាលពីមុនមានទំហំធំខ្លាំងរហូតអាចលេបភពប៉ុនៗផែនដី ដែលមានមុខកាត់ ១២,៧២៤គីឡូម៉ែត្របានដល់ទៅបីឯណោះ ក៏ប៉ុន្តែវាបាន និងកំពុងរួមតូចទៅៗក្នុងអំឡុងពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយប្រហែលជានៅទីបំផុត នឹងអាចរលាយបាត់តែម្តងថែមទៀតផង។
ទោះបីជាបែបនេះក្តី ព្យុះ Great Red Spot នៅតែជាលក្ខណៈសម្បត្តិដ៏សំខាន់ និងលេចធ្លោបំផុត របស់ភពដែលធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ។ ភពព្រហស្បតិ៍ ប្រៀបដូចជាដុំបាល់ពោរពេញទៅដោយឧស្ម័នមួយអ៊ីចឹង ដែលភាគច្រើនគឺជាអ៊ីដ្រូសែន និងអេល្យ៉ូម និងមានទំហំមុខកាត់អាចតម្រៀបភពផែនដីបន្តគ្នាចំនួន ១១ ហើយម៉ាសស្មើនឹងពីរដងនៃភពដទៃៗទៀតរួមបញ្ចូលគ្នាទៅទៀត។
គួរបញ្ជាក់ថា ការទៅជួប Great Red Spot យ៉ាងកៀកកាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) គឺជាការហោះ Flyby លើកទី០៦ និងចុងក្រោយគេបំផុត ក្នុងចំណោមបេសកកម្ម Flyby សរុបទាំងអស់ចំនួន១២លើក ដែលត្រូវបានគ្រោងទុកដោយអង្គការ NASA សម្រាប់យានអវកាស Juno។ ហើយ Juno នឹងធ្វើការហោះ Flyby បន្ទាប់ទៀតរបស់វាទៅក្បែរដុំពពករបស់ Jupiter នៅថ្ងៃទី០១ ខែកញ្ញា៕