(ដូហា)៖ សហរដ្ឋអាមេរិក និងកាតាបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការផ្ដល់ហិរញ្ញវត្ថុដល់ពួកភេរវករ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅ អំឡុងពេលនៃការបំពេញដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ក្នុងទីក្រុងដូហា ដើម្បីព្យាយាមបញ្ចប់វិបត្តិការទូតរវាងកាតា និងបណ្ដារដ្ឋអារ៉ាប់ជិតខាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម និងអេហ្ស៊ីបបានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងដាក់ទណ្ឌកម្មលើកាតាដោយចោទថា ទីក្រុងដូហា គំាទ្រនិងផ្ដល់ហិរញ្ញវត្ថុឱ្យពួកភេរវករ បើទោះជាកាតាបានដិសេធជាច្រើនដងក៏ដោយ។ ដោយឡែក នៅក្នុងជំនួបសំដៅបន្ធូរបន្ថយភាពតានតឹង កាលពីថ្ងៃអង្គារ លោក រិច ធីល្លឺសុន និងសមភាគីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani បានឈានដល់កិច្ចព្រមព្រៀងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។
«កិច្ចព្រមព្រៀងនេះដែលភាគីទំាងពីរ បានចុះហត្ថលេខាគឺតំណាងឱ្យកិច្ចខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ រវាងក្រុមអ្នកជំនាញនៃប្រទេសទំាងពីរ ក្នុងគោលដៅប្រយុទ្ធប្រឆាំងក៏ដូចជាទប់ស្កាត់ការ ផ្ដល់ហិរញ្ញវត្ថុឱ្យពួកភេរវករ»។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន។
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ រដ្ឋអារ៉ាប់ទំាងបួនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយថា នឹងនៅតែបន្តដាក់ទណ្ឌកម្មរហូតដល់ទីក្រុងដូហា ទទួលយកសំណើទំាង ១៣ចំណុចរបស់ខ្លួន ព្រមទំាងបន្តឃ្លំាមើលយ៉ាងដិតដល់លើសកម្មភាព និងអាកប្បកិរិយារបស់កាតា៕