(ម៉ូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកផុតអាណត្តិ លោក Sergey Kislyak នឹងវិលត្រឡប់មកកាន់ប្រទេសកំណើតវិញនាថ្ងៃទី២២ ខែកក្កដា ខាងមុខនេះហើយ បន្ទាប់ពីបានបំពេញការងារនៅទីនោះ អស់រយៈពេលជិត ១០ឆ្នាំមកហើយនោះ និងក្រោយពីរុស្ស៊ីព្រមានដេញមន្ត្រីទូតអាមេរិកជាច្រើនរូប ចេញពីប្រទេសដើម្បីសងសឹក នឹងអតីតរដ្ឋបាលលោក អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
យ៉ាងណាមិញយោងតាម លោក Sergey Rogov ប្រធានសម្របសម្រួលផ្នែកវិទ្យាសាស្រ្ត នៅឯវិទ្យាស្ថានសិក្សាអាមេរិក និងកាណាដា នៃបណ្ឌិតសភាវិទ្យាសាស្រ្តនៃប្រទេសរុស្ស៊ីនោះ បានបញ្ជាក់ថា លោក Kislyak ប្រហែលជាអាចកែប្រែគម្រោងរបស់លោកវិញ ប្រសិនបើសហរដ្ឋអាមេរិក សម្រេចពន្យាពេលការចេញកិច្ចព្រមព្រៀង សម្រាប់ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី លោក Anatoly Antonov ដែលត្រូវបានគេអះអាងក្នុងសេចក្តីរាយការណ៍មួយ កាលពីប៉ុន្មានខែមុនថា គឺជាបេក្ខភាពត្រូវទៅជំនួស លោក Kislyak។
លោក Rogov បានថ្លែងថា នាថ្ងៃទី២២ ខែកក្កដា លោក Sergey Kislyak នឹងវិលត្រឡប់ទៅកាន់ទីក្រុងម៉ូស្គូវិញហើយ បន្ទាប់ពីរូបលោក Rogov បានជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត កាលពីពីរសប្តាហ៍មុននៅឯទីក្រុងវ៉ាស៊ីនតោន ហើយលោក Kislyak មានសំបុត្រយន្តហោះចេញដំណើរសម្រាប់កាលបរិច្ឆេទនេះ។
គួរបញ្ជាក់ថា លោក Sergey Kislyak បានបំពេញតួនាទីជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ចាប់តាំងតែពីខែកក្កដា ឆ្នាំ២០០៨ មកម្ល៉េះ ហើយក្នុងអំឡុងពេលជិត១០ឆ្នាំមកនេះ រូបលោកត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលឃើញក៏ដូចជាចាត់ទុកថា គឺជាឧបករណ៍មួយរបស់ទីក្រុងម៉ូស្គូ សម្រាប់សាយភាយឥទ្ធិពលរបស់រុស្ស៊ី នៅលើទឹកដីអាមេរិក៕