(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការបាញ់ទម្លាក់ដោយជោគជ័យ នូវគ្រាប់មីស៊ីលផ្លោងរយៈមធ្យម (IRBM) ដែលស្រដៀងទៅនឹងប្រភេទមីស៊ីល កំពុងត្រូវបានអភិវឌ្ឍន៍ដោយប្រទេសមួយចំនួនដូចជាកូរ៉េខាងជើងជាដើម នៅក្នុងការធ្វើតេស្តសាកល្បងសមត្ថភាពថ្មីដ៏សន្លាងបំផុត ទៅលើប្រព័ន្ធខែលការពារមីស៊ីល THAAD របស់ប្រទេសមហាអំណាចពិភពលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ដោយត្រូវបានគ្រោងទុកជាមុន អស់រយៈពេលជាច្រើនខែមកហើយនោះ ទីបំផុតការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលអាមេរិកនេះ នៅលើមហាសមុទ្រប៉ាស៊ីហ្វិកបានទទួលការយកចិត្តទុកដាក់ ក៏ដូចជាការផ្តោតសំខាន់ខ្លាំងជាងមុន បន្ទាប់ពីការបាញ់ធ្វើតេស្តគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) កាលពីថ្ងៃទី០៤ ខែកក្កដារបស់កូរ៉េខាងជើង ដែលបានបង្កជាក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។
ការធ្វើតេស្តនេះផងដែរ គឺជាលើកទីដំបូងពុំធ្លាប់ត្រូវបានធ្វើឡើងពីមុនមកនោះឡើយ ចំពោះប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ ឬ THAAD នេះ ប្រឆាំងនឹងគ្រាប់មីស៊ីល IRBM ដែលរត់សំដៅមកកាន់សហរដ្ឋអាមេរិក ដែលអ្នកជំនាញបានអះអាងថា មានល្បឿនលឿន និងជាគោលដៅ ដែលពិបាកក្នុងការបាញ់ស្ទាក់ ជាងមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ ជាងនេះទៅទៀត ទីភ្នាក់ងារការពារមីស៊ីលអាមេរិក បានបញ្ជាក់ថា មីស៊ីល IRBM ដែលប្រើសម្រាប់ការធ្វើតេស្តនោះ ត្រូវបានរចនាឡើងឲ្យធ្វើសកម្មភាព ដូចទៅនឹងប្រភេទមីស៊ីលទាំងឡាយ ដែលអាចបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកអ៊ីចឹង។
ទីភ្នាក់ងារខាងលើបានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា «ការធ្វើតេស្តដោយជោគជ័យលើប្រព័ន្ធ THAAD ប្រឆាំងនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM នេះ បានបង្កើនសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងនៃអាវុធមីស៊ីល របស់កូរ៉េខាងជើង ក៏ដូចជាប្រទេសដទៃៗទៀត»។
គួរបញ្ជាក់ថា ការសមត្ថភាពនៃប្រព័ន្ធ THAAD ប្រកបដោយភាពជោគជ័យនេះ បានបន្ថែមភាពជឿជាក់ឡើងវិញ ចំពោះកម្មវិធីការពារមីស៊ីលរបស់យោធាសហរដ្ឋអាមេរិក ដែលបានទទួលរងការរិះគន់យ៉ាងខ្លាំងៗ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការពន្យាពេលនៃការធ្វើតេស្ត និងការសាកល្បងទទួលបរាជ័យជាដើម។
យោងតាមការគូសបញ្ជាក់ក្នុងរបាយការណ៍មួយ កាលពីខែឧសភាកន្លងទៅនេះ របស់ទីភ្នាក់ងារឃ្លាំងមើលសហព័ន្ធមួយរបស់សហរដ្ឋអាមេរិក ទីភ្នាក់ងារការពារមីស៊ីលអាមេរិក មិនធ្លាប់បានធ្វើតេស្តប្រព័ន្ធ THAAD ប្រឆាំងនឹងគ្រាប់មីស៊ីលផ្លោង IRBM ឡើយ ទោះបីជាបានបញ្ជូនប្រព័ន្ធខែលការពារមីស៊ីលនេះ ទៅកាន់កោះហ្គាំ ដែលជាដែនដីមួយរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣ នៅចំពោះមុខក្តីព្រួយបារម្ភជុំវិញកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលផ្លោងរបស់កូរ៉េខាងជើងក៏ដោយ។
ដូច្នេះមានន័យថា រហូតមកទល់ការធ្វើតេស្តកាលពីពេលថ្មីៗនេះ ប្រព័ន្ធ THAAD ពុំដែលត្រូវបានបញ្ជាក់ពីសមត្ថភាពពិតប្រាកដរបស់វានោះឡើយ ដើម្បីទប់ទល់នឹង IRBM ដែលជាមីស៊ីលផ្លោងមានរយៈចម្ងាយចន្លោះពី ៣,០០០-៥,៥០០គីឡូម៉ែត្រ ខណៈកោះហ្គាំស្ថិតនៅចម្ងាយប្រហែលជា ៣,៤០០គីឡូម៉ែត្រពីកូរ៉េខាងជើង។ ដោយឡែក ដើម្បីអាចវាយប្រហារដល់ប្រទេសអាមេរិកផ្ទាល់ ទីក្រុងព្យុងយ៉ាងនឹងត្រូវបាញ់មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលមានរយៈចម្ងាយដ៏ឆ្ងាយលើសពី ៥,៥០០គីឡូម៉ែត្រ៕