(វ៉ាស៊ីនតោន)៖ កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ជេអ (Donald Trump Jr.) បានបង្ហោះសារ Email មួយដែលបង្ហាញថា លោកបាន ទទួលព័ត៌មានអាក្រក់ជាច្រើនពាក់ព័ន្ធនឹង លោកស្រី ហ៊ីលឡារី គ្លីនតុន ពីមេធាវីរដ្ឋាភិបាលរុស្ស៊ីម្នាក់។ ប៉ុន្តែក្រោយការបង្ហោះសារទំាងនោះ ក្រុមអ្នកតំណាងរាស្ត្របក្សប្រជាធិបតេយ្យ បានស្នើឱ្យលោក ត្រាំ ជេអ និងរាល់អ្នកពាក់ព័ន្ធទំាងអស់ចូលខ្លួនផ្ដល់សក្ខីកម្ម នៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧។
ជុំវិញការបង្ហោះ Email នេះដែរ អ្នកបង្ហោះសារគឺ លោក Rob Goldstone បានប្រាប់លោក ត្រាំ ជេអ ថា វាគឺជាព័ត៌មានបានមកពីរដ្ឋាភិបាលរុស្ស៊ី សម្រាប់ការគាំទ្រ លោក ដូណាល់ ត្រាំ ឱ្យទទួលជ័យជម្នះលើលោកស្រី គ្លីនតុន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ដោយឡែកជាការឆ្លើយតប កូនប្រុសច្បងប្រធានាធិបតីអាមេរិករូបនេះបានសម្ដែង ការពេញជាខ្លាំងដោយនិយាយថា «បើសិនដូចអ្វីដែលអ្នកនិយាយមែននោះ ខ្ញុំពិតជាពេញចិត្តណាស់»។
ក៏ប៉ុន្តែការលេចឡើងនូវព័ត៌មានថ្មីនេះ អាចនឹងបង្កឱ្យអ្នកនយោបាយអាមេរិក កាន់តែបែកបាក់គ្នា ខណៈការស៊ើបអង្កេតលើទំនាក់ទំនងរវាងក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ និងរដ្ឋាភិបាលរុស្ស៊ីកំពុងដំណើរការ ក៏ដូចជាបានធ្វើឱ្យមន្ត្រីជាន់អាមេរិកមួយចំនួន លាលែងពីតំណែង ឬត្រូវបណ្ដេញរួចមកហើយដែរ ក្នុងនោះរួមមានទាំងអតីតទីប្រឹក្សាអាមេរិក លោក Michael Flynn និងលោក James Comey។ យ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូបានបដិសេធថា ខ្លួនមិនបានស្គាល់មេធាវីដែលលោក ត្រាំ ជេអ អះអាងនោះទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយបង្ហាញការគាំទ្រដល់កូនប្រុសរបស់ខ្លួន ដោយចាត់ទុកថា លោក ត្រាំ ជេអ គឺជាមនុស្សមានសមត្ថភាព និងសាទរចំពោះតម្លាភាពនៃកូនប្រុសរបស់ខ្លួនផងដែរ៕