(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ពុំមានព័ត៌មានដើម្បីបញ្ជាក់លើសេចក្ដីរាយការណ៍ដែលថា មេដឹកនាំកំពូលផុតលេខរបស់ ISIS ឈ្មោះ Abu Bakr al-Baghdadi បានបាត់បង់ជីវិតនោះទេ បើទោះជាក្រុមអង្គការ ឃ្លំាមើលសិទ្ធិមនុស្សស៊ីរី ទទួលស្គាល់ពីព័ត៌មាននេះហើយក៏ដោយ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

នៅថ្ងៃអង្គារនេះដែរ ក្រុមភេរវករ ISIS បានចេញមុខទទួលស្គាល់អំពី​មរណភាព​​ នៃ​មេ​ដឹក​នាំកំពូលរបស់ពួកគេគឺ Abu Bakr al-Baghdadi រួមទាំងបានប្រកាសពីឈ្មោះរបស់ជនដែលនឹងត្រូវឡើងស្នងតំណែងនេះផងដែរ បន្ទាប់​ពីមានសេច​ក្តីរាយការណ៍​ ក៏ដូច​ជា​ការ​អះអាងជាបន្តបន្ទាប់ថា មេដឹកនាំ ISIS ដ៏ល្បីឈ្មោះមួយនេះបានស្លាប់។

គួររំលឹកថា កាលពីដើមខែមិថុនាកន្លងទៅ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ជន al-Baghdadi ទំនងជាត្រូវបានកម្ចាត់ចោលនៅ​ក្នុងប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសមួយដឹកនាំ ដោយទីក្រុងម៉ូស្គូ ប្រឆាំងនឹងលើមូលដ្ឋានមួយកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ នៅ​ឯ​ជាយ​ក្រុង Raqqa ភាគខាងត្បូងស៊ីរី កាលពីចុងឧសភា រីឯអ៊ីរ៉ង់ក៏បានបញ្ជាក់ដូចគ្នាដែរ ប៉ុន្តែ សហរដ្ឋអាមេរិក មិនទាន់ទទួលស្គាល់ព័ត៌មាននេះនៅ​ឡើយទេ​។ មេដឹកនាំលេខ១ របស់ ISIS Al-Baghdadi បានបង្ហាញខ្លួននៅក្នុងបណ្តាញសារព័ត៌មានជាលើកដំបូងកាលពី ឆ្នាំ២០១៤ នៅពេល​ដែល​ជននេះ បានប្រកាសដល់ពិភពលោក អំពីការបង្កើតរដ្ឋធានីផ្ទាល់របស់ខ្លួន នៅទីក្រុងមូស៊ូល ហើយចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា បានរាយការណ៍ ជាច្រើនដង អំពីការស្លាប់នៃមេដឹកនាំកំពូលផុតលេខរបស់​ ISIS រូបនេះ៕