(សេអ៊ូល)៖ បើទោះជាមីស៊ីលផ្លោងឆ្លងទ្វីប ICBM Hwasong-14 ដែលកូរ៉េខាងជើងបានបាញ់សាកល្បង កាលពីសប្ដាហ៍មុនពុំទាន់អាចមានលទ្ធភាព កំញើញទីក្រុងវ៉ាស៊ីនតោន ក៏ដោយ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាង អាចនឹងផលិតបានមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រភេទនេះបាញ់ដល់ឆ្នេរភាគខាងលិច សហរដ្ឋអាមេរិក លឿនជាងការរំពឹងទុក។ នេះបើតាមអ្នកជំនាញ លោក John Schilling ដកស្រង់ដោយសារព័ត៌មានអន្តរជាតិ នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
លោក John Schilling បានគូសបញ្ជាក់ដូច្នេះថា៖ «ថ្វីបើបច្ចុប្បន្ន មីស៊ីល Hwasong-14 របស់កូរ៉េខាងជើងពុំទាន់អាចគំរាមកំហែង ដល់រដ្ឋ Alaska និងរដ្ឋ Hawai តែចង់ ឬមិនចង់ នៅក្នុងរយៈពេលមួយឆ្នាំទៅពីរឆ្នាំខាងមុខ របបដឹកនាំទីក្រុងព្យុងយ៉ាង អាចនឹងអភិវឌ្ឍបានសម្រេចមីស៊ីលផ្លោង ឆ្លងទ្វីប ICBM បាញ់ដល់ឆ្នេរភាគខាងលិចសហរដ្ឋអាមេរិក បើសិនជាពួកគេអាចកែកំហុសមួយចំនួន នៃមីស៊ីលប្រភេទនេះ ដែលបានធ្វើតេស្ដនៅកាលពីអង្គារសប្ដាហ៍មុន»។
ជាងនេះទៅទៀត អ្នកជំនាញរូបនេះក៏យល់ដែរថា កូរ៉េខាងជើងនឹងកែច្នៃមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាមួយនឹងការបំពាក់ប្រព័ន្ធបង្វែងដានគោលដៅ ដើម្បីបង្កភាព ស្មុគស្មាញដល់ប្រព័ន្ធ ស្ទាក់ចាប់មីស៊ីលអាមេរិក ខណៈមីស៊ីល Hwasong-14 អាចនឹងបាញ់បានចំងាយ ៩.៧០០គីឡូម៉ែត្រ នៅអានាគតដ៏ខ្លីខាងមុខ៕