(មូស្គូ)៖ ទីក្រុងមូស្គូ កំពុងគិតពិចារណាលើការចាត់វិធានឆ្លើយតបជាក់ស្ដែងចំពោះការបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ចេញពីទីក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីចុងឆ្នាំ២០១៦។ នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov​ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក Sergei Lavrov ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯទីក្រុង Mauerbach ​ប្រទេសអូទ្រីស ជាទីដែលលោកបានចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ បរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការ OSCE (Organization for Security and Co-operation in Europe) នៅថ្ងៃអង្គារនេះ។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ដូចច្នេះថា៖ «បច្ចុប្បន្ន យើងកំពុងគិតពិចារណាលើវិធានាការឆ្លើយតបជាក់ស្ដែងចំពោះការបណ្ដេញ មន្ត្រីទូតរុស្ស៊ី៣៥នាក់ ...ហើយខ្ញុំក៏មិនគិតដែរថារឿងនេះត្រូវចេញផ្សាយជាសាធារណៈ»។

ដោយឡែក បើតាមសារព័ត៌មានរុស្ស៊ី Izvestia ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបណ្ដេញចេញមន្ត្រីទូតអាមេរិកជិត ៣០នាក់ ក៏ដូចជារឹបអូសទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី។ វិធានការទំាងនេះ អាចនឹងត្រូវធ្វើឡើងដើម្បីជាការសងសឹងទៅនឹងការសម្រេចចិត្ត របស់លោក បារ៉ាក់​ អូបាម៉ា ដែលបានបណ្ដេញមន្ត្រីទូតរុស្ស៊ី៣៥នាក់ និងគ្រួសារ ចេញពីទីក្រុងវ៉ាស៊ីនតោន ក្រោមហេតុផលថាទីក្រុងមូស្គូ បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕