(មូស្គូ)៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាឈ្មោះថា Saber Guardian 17 ដែលរៀបចំឡើងដោយប្រទេសប៊ុលហ្គារី ហុងគ្រី និងរូម៉ានី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមយោធាអាមេរិក សមយុទ្ធយោធានេះចាប់ផ្ដើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកក្កដា ដោយមានការចូលរួមពីយោធា ២៥,០០០នាក់ មកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិកចំនួន ២២ ក្នុងតំបន់។ ក៏ប៉ុន្តែការធ្វើសមយុទ្ធយោធារបៀបនេះ អាចនឹងធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន កាន់តែតានតឹងឡើង ត្បិតសម្រាប់រុស្ស៊ីការធ្វើសមយុទ្ធយោធានៅតាមបណ្ដាប្រទេសជាប់របងជាមួយខ្លួន គឺជាការគំរាមកំហែងមួយមកលើសន្តិសុខជាតិ។
គួរបញ្ជាក់ថា សមយុទ្ធយោធា Saber Guardian 17 នៅឯតំបន់សមុទ្រខ្មៅ នឹងត្រូវប្រព្រឹត្តទៅក្រោមវត្ថុបំណង បណ្ដុះបណ្ដាល និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើប្រតិកម្មរួមគ្នា នៅក្រោមទីបញ្ជាការតែមួយ៕