(អ៊ីស្រាអែល)៖ ប៉ូលិសអ៊ីស្រាអែល​បានចាប់ឃុំខ្លួនមនុស្សទី០៧ ដើម្បីសួរចម្លើយ​ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងរឿងអាស្រូវ​ពុករលួយ ក្នុងគំរោងរបស់​រដ្ឋាភិបាលទិញនាវាមុជទឹក ពីក្រុមហ៊ុន​អាល្លឺម៉ង់ German ThyssenKrupp company។ នេះបើតាម​ប៉ូលិស​​អ៊ីស្រាអែល ដកស្រង់ដោយ​​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ បើតាម​​សារព័ត៌មាន Jerusalem Post ជនសង្ស័យ​ខាងលើ គឺជាមន្ត្រីកងទ័ព​ជើងទឹក​អ៊ីស្រាអែល​​ចូលនិវត្តន៍ម្នាក់ ដែលពុំទាន់​ត្រូវបានគេ​បញ្ចេញ​ឈ្មោះ​នៅឡើយទេ។ ចំណែកឯ​កាលពីថ្ងៃចន្ទ មនុស្ស០៦នាក់​ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួន​ផងដែរ ក្នុងក្របខណ្ឌ​នៃការស៊ើប​អង្កេតនេះ ហើយម្យ៉ាងវិញ​ទៀតពួកគេ ត្រូវគេចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្លែងបន្លំ ពុករលួយ និងកឹបកេងពន្ធជាច្រើន​លើកិច្ចព្រមព្រៀង​ទិញនាវាមុជទឹក​ពីក្រុមហ៊ុន ThyssenKrupp។ ដោយឡែក អតីតនាយករង​ក្រុមប្រឹក្សា​សនិ្តសុខជាតិ លោក Bar-Yosef និងទីភ្នាក់ងារ​ក្រុមហ៊ុន ThyssenKrupp របស់​អ៊ីស្រាអែល​គឺលោក Miki Ganor ក៏ស្ថិតនៅក្នុង​ចំណោមជនសង្ស័យ​ទំាងនេះដែរ។

គួរបញ្ជាក់ថា ការស៊ើបអង្កេត​លើកិច្ចព្រមព្រៀង​ទិញនាវាមុជទឹក​ពីអាល្លឺម៉ង់ កាលពីឆ្នាំ២០១៤ បានផ្ដើមធ្វើឡើង​នៅខែវិចិ្ឆកា ឆ្នាំ២០១៦ នៅក្នុងក្របខណ្ឌ​នៃការចោទប្រកាន់ថា មេធាវីម្នាក់ របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu គឺលោក David Shimron មានទំនាក់ទំនង​ជាមួយក្រុមហ៊ុន ThyssenKrupp។ ប៉ុន្តែមក​ទល់ពេល​នេះ លោក Netanyahu ផ្ទាល់មិន​បានស្ថិតនៅ​ក្រោមកម្មវត្ថុ​នៃការស៊ើប​អង្កេតនេះទេ៕