(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានសម្ដែងការសាទរយ៉ាងពេញទំហឹង ចំពោះកងកម្លំាងរដ្ឋាភិបាលអ៊ីរ៉ាក់ ដែលទើបតែបានរំដោះទីក្រុងម៉ូស៊ូល ចេញពីកណ្ដាប់ដៃពួកISIS ដោយលោកថែមទំាងចាត់ទុកដែរថា នេះគឺជាជ័យជម្នះដ៏សំខាន់ ក្នុងការប្រយុទ្ធជាសកលប្រឆាំងនឹងពួកភេរវករ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «ការរំដោះទីក្រុងម៉ូស៊ុលអាចបញ្ជាក់ថា វាជាជ័យជម្នះដ៏ធំសម្រាប់សហគមន៍អន្តរ ជាតិ ក្រោមការដឹកនាំដោយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់... យើងពិតជាមានការគោរពដល់ការលះបង់ ពីសំណាក់កងកម្លាំងអ៊ីរ៉ាក់ និងប្រជាជនអ៊ីរ៉ាក់ រួមទំាងកងជីវពលឃើដ នៅក្នុងជ័យជម្នះនេះ ហើយយើងក៏សូមចូលរួមរំលែកទុក្ខផងដែរ សម្រាប់ការបាត់បង់អាយុជីវិតមនុស្សនៅក្នុងប្រតិបត្តិការនេះ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទ នូវជ័យជម្នះលើការរំដោះទីក្រុងម៉ូស៊ូលពីពួក ISIS បន្ទាប់ពីបានបើកប្រតិបត្តិការយោធា អស់រយៈពេល០៩ខែ ដើម្បីដណ្ដើមយកទីក្រុងដ៏ធំទីរបស់អ៊ីរ៉ាក់មកវិញ។ ទីក្រុងម៉ូស៊ូលស្ថិតនៅចំងាយ ៤០០គីឡូម៉ែត្រពី ទីក្រុងបាកដាដ បានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ពួក ISIS កាលពីខែមិថុនា ឆ្នាំ២០១៤៕