(វ៉ាស៊ីនតោន)៖ មនុស្សសរុបចំនួន៨០នាក់ ក្នុងចំណោមប្រជាជនអាមេរិកដែលបានធ្វើការតវ៉ា ប្រឆាំងនឹងសេចក្តីព្រាងច្បាប់របស់បក្សសាធារណរដ្ឋ ដែលនឹងត្រូវយកមកប្រើប្រាស់ជំនួសច្បាប់សុខាភិបាល Obamacare ដែលបានបន្សល់ដោយអតីតប្រធានាធីបតី លោក បារ៉ាក់ អូបាម៉ា ត្រូវបានចាប់ខ្លួននៅក្នុងអគារការិយាល័យព្រឹទ្ធសភា ដែលស្ថិតក្នុងវិមានកាពីតូល។ នេះបើតាមការប្រកាសឲ្យដឹង ពីមន្រ្តីប៉ូលិសអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមមន្រ្តីប៉ូលិសប្រចាំវិមានកាពីតូល បានប្រកាសឲ្យដឹងយ៉ាងដូច្នេះថា «កម្លាំងប៉ូលិស USCP បានធ្វើការឆ្លើយតបទៅកាន់ទីតាំងចំនួន ១៣កន្លែង នៅក្នុងអគារការិយាល័យព្រឹទ្ធសភា ដែលបានរាយការណ៍ថា មានសកម្មភាពនៃការធ្វើបាតុកម្មប្រឆាំងតវ៉ា ហើយមកទល់ពេលនេះ មនុស្សចំនួន៨០នាក់ត្រូវបានចាប់ខ្លួន»។
គួរបញ្ជាក់ថា បើតាមសេចក្តីប្រកាសខាងលើ អាជ្ញាធរក៏បានព្រមានដល់ក្រុមបាតុករ ឲ្យចាកចេញពីអគាររដ្ឋាភិបាលដែរ ក៏ប៉ុន្តែជនទាំងឡាយដែលបានបដិសេធ ក៏ត្រូវបានចាប់ខ្លួនហើយចោទប្រកាន់ពីបទល្មើសមួយចំនួន៕