(វ៉ាស៊ីនតោន)៖ កូនប្រុស​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រំា ជេអ (Donald Trump Jr) បានបង្ហោះវីដេអូ​មួយ​នៅលើបណ្ដាញ​ទំនាក់ទំនងសង្គម ដែលបង្ហាញពី​សកម្មភាព​របស់លោក​ប្រធានាធិបតី ត្រាំ បើកយន្ដហោះ​ចម្បាំង បាញ់​មីស៊ីលកម្ទេច​យន្ដហោះចម្បាំង​មួយគ្រឿង​ផ្សេង​ទៀត ដែល​ពាក់ស្លាក Logo ស្ថានីយ៍ទូរទស្សន៍ CNN។ គ្រាន់តែវីដេអូនេះ ត្រូវបានបង្ហោះភ្លាមតែប៉ុន្មានម៉ោង មានអ្នក​ចូលមើល​រហូតដល់ទៅ ១៤០,០០០ដង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ABC នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

កាលពី​សប្ដាហ៍មុន លោក ដូណាល់ ត្រាំ ផ្ទាល់ក៏​បានបង្ហោះវីដេអូ​មួយផងដែរ ដោយបង្ហាញពី​សកម្មភាព របស់លោក​វាយតប់បុរស​ម្នាក់​ពាក់ស្លាក Logo CNN ហើយដែល​នេះ​បានបង្កឱ្យ មានភាពចម្រូង​ចម្រាស់​យ៉ាងខ្លំាង​រវាងលោក និងបណា្ដ​សារព័ត៌មាន​អាមេរិក ជាពិសេស CNN តែម្ដង ដែលបាន​ហៅសកម្មភាពនេះ​ជាចេតនាញុះញង់ និងគំាទ្រ​ឱ្យមានការប្រព្រឹត្តអំពើ​ហិង្សា។

ដោយឡែក​កាលពីចុងសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ ជេអ បានបង្ហោះ​វីដេអូខ្លីមួយផ្សេង​ទៀតនៅលើ Instagram តែម្ដងនេះវា​គឺបង្ហាញពីសកម្មភាព លោក ដូណាល់ ត្រាំ បើក​យន្ដហោះ​ចម្បាំង ដេញបាញ់​កម្ទេចយន្ដហោះ​ពាក់ស្លាក Logo​ CNN នៅលើ​លំហអាកាស មិនតែ​ប៉ុណ្ណោះ​កូនប្រុស​ប្រធានាធិបតី​អាមេរិករូប ថែមទំាងបាន​អះអាង​ដែរថា ឈុតឆាក វាយប្រហារ​នេះគឺមាន​នៅក្នុងរឿង Top Gun កាលពី​ឆ្នាំ១៩៨៦។

គួរបញ្ជាក់ថា សង្រ្គាមពាក្យ​សម្ដីរវាង លោក ដូណាល់ ត្រាំ និងស្ថានីយ៍​ទូរទស្សន៍ CNN បានផ្ទុះឡើង ក្រោយពេល​ប្រធានាធិបតី​អាមេរិករូបនេះ បានហៅ CNN ថា​ជាព័ត៌មាន​ក្លែងក្លាយ ហើយថា​សារព័ត៌មានក្លែងក្លាយ​គឺជាសត្រូវរបស់លោក៕