(សេអ៊ូល)៖ ការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ីទៅកាន់កូរ៉េខាងជើង ត្រូវបានគេសង្កេតឃើញថា មានការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០១៧នេះ ទោះបីជាសហគមន៍អន្តរជាតិ បាននិងកំពុងដាក់ទណ្ឌកម្ម ទៅកាន់រដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះយ៉ាងណាក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
បើតាមទិន្នន័យពីនាយកដ្ឋានគយរបស់រុស្ស៊ី ប្រទេសរុស្ស៊ីបានធ្វើការនាំចេញប្រេងគិតជាតម្លៃស្មើនឹង ២.៣លានដុល្លារអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីចន្លោះខែមករានិងខែមេសា ក្នុងឆ្នាំ២០១៧នេះ ដែលចំនួននេះមានការកើនឡើងដល់ទៅជាង ២០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ថែមពីនេះអត្រាប្រមាណ ៩៦ភាគរយ នៃប្រេងត្រូវបាននាំចេញទាំងនោះ គឺជាប្រេងដែលត្រូវបានកែច្នៃ និងចម្រាញ់រួច ខណៈផ្សេងៗទៀតគឺជាប្រេងឆៅ។
គួរបញ្ជាក់ថា ប្រេងឆៅនិងផលិតផលប្រេង លើកលែងតែប្រេងឥន្ទនៈសម្រាប់យន្តហោះ គឺពុំត្រូវបានហាមឃាត់ដោយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើងនោះឡើយ ខណៈរបបដឹកនាំទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងងាកទៅរកប្រទេសរុស្ស៊ី សម្រាប់ការផ្គត់ផ្គង់ប្រេង ស្របពេលដែលខ្លួនកំពុងជួបប្រទះការលំបាក ដោយសារតែទណ្ឌកម្មពីអន្តរជាតិ ដែលសូម្បីតែចិនក៏បង្ខំចិត្ត ធ្វើការកាត់ផ្តាច់ជំនួញជាច្រើន ជាមួយកូរ៉េខាងជើងផងដែរ៕