(សេអ៊ូល)៖ នាយកទីភ្នាក់ងារអភិវឌ្ឍន៍មីស៊ីលកូរ៉េខាងជើង លោក Jang Chang-ha ត្រូវបាន លោក គីម ជុងអ៊ុន តម្លើងតំណែងជាឧត្ដមសេនីយ៍ផ្កាយ៣ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងកាលពីសប្ដាហ៍មុន។ នេះបើតាមការវិភាគលើរូបថតជាច្រើន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមរូបថតដែលត្រូវបានថត នៅអំឡុងការប្រគុំតន្ត្រីមួយកាលពីថ្ងៃទី០៩ ខែកក្កដា ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសាទរការធ្វើតេស្តដោយជោគជ័យនេះ លោក Jang Chang-ha បានអង្គុយនៅក្បែរ លោក គីម ជុងអ៊ុន ជាមួយនឹងឯកសណ្ឋានឧត្ដមសេនីយ៍ផ្កាយបី។ ក៏ប៉ុន្តែនៅអំឡុងពិធីប្រារព្ធខួបលើកទី២៣ នៃមរណៈភាពបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី០៨ ខែកក្កដា លោក Jang បានអង្គុយជិត លោក គីម ជុងអ៊ុន ដោយស្លៀកឯកសណ្ឌានឧត្ដមសេនីយ៍ផ្កាយពីរ ប៉ុណ្ណោះ ដែលនេះគឺអាចនិយាយបានថា អ្នកជំនាញមីស៊ីលកូរ៉េខាងជើងរូនេះ ត្រូវបានតម្លើងតំណែងនៅចន្លោះថ្ងៃទី០៨ និងថ្ងៃទី០៩ ខែកក្កដាកន្លងទៅ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ប្រកាសពីជោគជ័យនៃការធ្វើតេស្ដមីស៊ីល ICBM។
គួរបញ្ជាក់ថា លោក Jang Chang-ha ត្រូវបានគេស្គាល់ថា គឺជាអ្នកជំនាញម្នាក់ខាងអាវុធ និងមីស៊ីល ព្រមទាំងបានគេចាត់ទុកថា ជាវីរៈបុរសកូរ៉េខាងជើងម្នាក់កាលពីខែធ្នូ ឆ្នាំ២០១២ សម្រាប់ការចូលរួមចំណែកក្នុងការនាំយកផ្កាយរណប Kwangmyonsong-3 ទៅកាន់គន្លងតារាវិថី ហើយមិនតែប៉ុណ្ណោះលោកតែងតែមានវត្តមានជានិច្ច នៅពេលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលម្ដងៗ៕