(កាតា)៖ ប្រទេសកាតាបានគម្រាមដកខ្លួនចេញពីក្រុមប្រឹក្សា នៃកិច្ចសហប្រតិបត្តិការនៃប្រទេសតំបន់ឈូងសមុទ្រពែក (GCC) តាមរយៈការកំណត់លក្ខខណ្ឌមួយចំនួន ទៅឲ្យបណ្តាប្រទេសអារ៉ាប់ ដែលដឹកនាំដោយព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត វិញម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីការបរទេសកាតា ព្រះអង្គម្ចាស់ Mohammed bin Abdulrahman al Thani បានផ្ញើលិខិតមួយច្បាប់ ទៅកាន់អគ្គលេខាធិការនៃក្រុមប្រឹក្សា GCC លោក Abdul Latif Bin Rashid Al Zayani ដោយមានការដាក់លក្ខខណ្ឌពីប្រទេសរបស់ព្រះអង្គម្ចាស់ ដើម្បីមិនដកខ្លួនចេញពី GCC។ ព្រះអង្គម្ចាស់ AL Thani បានលើកឡើងថា ប្រទេសរបស់ព្រះអង្គម្ចាស់ នឹងទុករយៈពេលចំនួនបីថ្ងៃ ឲ្យបណ្តាប្រទេសអារ៉ាប់នៅជុំវិញតំបន់ឈូងសមុទ្រពែក ដកទណ្ឌកម្មចេញពីកាតាវិញ ហើយផ្តល់ការសងជំងឺចិត្តដល់ការខាតបង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កាតា។ ដោយឡែក បើផុតថ្ងៃកំណត់នេះ កាតានឹងប្រកាសជាផ្លូវការនូវការចាកចេញរបស់ខ្លួនពីក្រុមប្រឹក្សា GCC។
គួរបញ្ជាក់ថា កាលពីចុងខែមុន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីបបានដាក់ចេញការទាមទារចំនួន ១៣ចំណុច ទៅលើកាតារួមមានការឲ្យបិទស្ថានីយ៍ទូរទស្សន៍ Al-Jazeera, បញ្ឈប់ការឧបត្ថម្ភហិរញ្ញាវត្ថុ និងគាំទ្រអំពើភេរវកម្ម, និងកាត់បន្ថយទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលជាលក្ខខណ្ឌចម្បងដើម្បីបញ្ឈប់ការដាក់សម្ពាធរបស់ពួកគេ។ យ៉ាងណាមិញប្រទេសទាំងបួនបានប្តេជ្ញាថា នឹងចាត់វិធានការនយោបាយ សេដ្ឋកិច្ច និងផ្លូវច្បាប់បន្តទៀត ដើម្បីរឹតបន្តឹងសម្ពាធទៅលើកាតា បន្ទាប់ពីទីក្រុងដូហា បានបដិសេធមិនអនុវត្តន៍តាមការទាមទារទាំងនេះ។
ជុំវិញរឿងនេះមានការប៉ាន់ស្មានថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន អាចនឹងព្យាយាមទាត់កាតា ចេញពីក្រុមប្រឹក្សា GCC ខាងលើ ដែលមានសមាជិកសរុបចំនួន ០៦ប្រទេស ឬក៏លុបចោលសមាជិកភាពរបស់កាតា នៅក្នុងសម្ព័ន្ធអារ៉ាប់ថែមទៀតផង៕