(ឥណ្ឌា)៖ កងនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាពិឃាត US Nimitz បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌាហើយ ដើម្បីចូលរួមសមយុទ្ធយោធាជាមួយកងនាវាជប៉ុន និងឥណ្ឌា ហើយដែលការធ្វើសមយុទ្ធយោធានេះទៀតសោត ធ្វើឡើងក្នុងន័យជាសារបែបយុទ្ធសាស្ត្រមួយផ្ញើជូនទីក្រុងប៉េកាំង ដែលកំពុងមានជម្លោះព្រំដែនជាមួយឥណ្ឌា នារយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាន មេបញ្ជាការកងនាវាអាមេរិក លោក William Byrne បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់និយាយថា សមយុទ្ធយោធា Malabar 2017 គឺជាសារយុទ្ធ សាស្ត្រមួយផ្ញើជូនទីក្រុងប៉េកាំង... ហើយវាគឺជាសមយុទ្ធយោធាត្រីភាគី រៀបចំឡើងដោយកងនាវាឥណ្ឌានៅឯទីក្រុង Chennai និងឈូងសមុទ្រ Bengal»។ ទោះបីយ៉ាងណា សមយុទ្ធយោធានេះត្រូវបានគេមើលឃើញថា កើតមានឡើងគាប់ជួនចិន និងឥណ្ឌា កំពុងមានជម្លោះនឹងគ្នានៅតាមតំបន់ព្រំដែន ក៏ដូចជាត្រូវធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន។
ដោយឡែកជុំវិញសមយុទ្ធយោធានេះដែរ មេបញ្ជាការកងនាវាឥណ្ឌាក៏បានបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុកដូច្នេះថា «សមយុទ្ធយោធានេះ ធ្វើឡើងនៅចំពេលអំពើហិង្សាបានផ្ទុះឡើងជាថ្មី នៅឯតំបន់ព្រំដែនរវាងចិន និងឥណ្ឌា នៅតំបន់ Sikkim ប៉ុន្តែវាមិនមានបំណងអ្វីផ្សេងក្រៅតែពីការលើកកម្ពស់ ការស្វែងយល់លើការធ្វើប្រតិបត្តិការរួមគ្នា និងចែករំលែកបទពិសោធន៍ឱ្យគ្នានោះឡើយ»។
គួរបញ្ជាក់ថា បើតាមយោធាអាមេរិក សមយុទ្ធយោធា Malabar 2017 គឺជាផ្នែកមួយនៃសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ១៩៩២ ក្នុងគោល បំណងទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក៕