(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬហៅកាត់ថា FBI របស់សហរដ្ឋអាមេរិក បានធ្វើការចាប់ខ្លួននាយទាហានអាមេរិកម្នាក់ ដែលមានមូលដ្ឋានឈរជើងនៅក្នុងរដ្ឋហាវ៉ៃ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយក្រុមភេរវករ ISIS។ នេះបើតាមសេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានអាមេរិក ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានអាមេរិក Hawaii News Now (HNN) ដែលបានដកស្រង់សម្តីរបស់អ្នកនាំពាក្យទីភ្នាក់ងារ FBI លោក Arnold Laanui អះអាងថា ជនសង្ស័យជានាយទាហានខាងលើនេះមានឈ្មោះ Ikaika Erik Kang អាយុ ៣៤ឆ្នាំ ស្ថិតនៅក្នុងអង្គភាពថ្មើរជើងលេខ២៥ នៃកងទ័ពជើងគោកអាមេរិក ដែលមានមូលដ្ឋាននៅបន្ទាយ Schofield នៃក្រុង Wahiawa។
គួរបញ្ជាក់ថា លោក Kang ដែលបានស្ថិតក្រោមការស៊ើបអង្កេតរាប់ឆ្នាំរបស់ FBI នេះនឹងចូលបង្ហាញខ្លួនជាលើកទីមួយ នៅឯតុលាការសហព័ន្ធនាពេលប៉ុន្មានម៉ោងខាងមុខនេះ៕