(តូក្យូ)៖ គ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាង គំហុកមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំមកនេះ នៅកោះគ្យូស៊ុ ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឲ្យមនុស្សស្លាប់កើន ដល់២១នាក់ និងជាង២០នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ ខណៈតំបន់ដែលពួកគេរស់នៅត្រូវបានទឹកទន្លេជន់លិច ព្រមទាំងបង្កជាការអិលបាក់ដីផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧។
កងកម្លាំងស្វ័យការពាររួមជាមួយភ្នាក់ងារស្វែងរក និងជួយសង្រ្គោះជាង ២,០០០នាក់ បាននិងកំពុងបន្តប្រតិបត្តិការរបស់ពួកគេមកទល់ថ្ងៃចន្ទនេះ នៅក្នុងខេត្ត Fukuoka និង ខេត្ត Oita ដែលស្ថិតនៅលើកោះគ្យូស៊ុ ស្របពេលប្រជាជនប្រមាណ១,៧០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកភៀសខ្លួនបណ្តោះអាសន្នដដែល។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga បាននិយាយថារដ្ឋាភិបាលនឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានឆាប់រហ័សជាមួយអាជ្ញាធរនៅក្នុងតំបន់ ដើម្បីវាយតម្លៃពីទំហំខូចខាត ក៏ដូចជាផ្ដល់ជំនួយដល់ជនរងគ្រោះ។
គួរបញ្ជាក់ថា បើតាមក្រសួងដែនដី និងដឹកជញ្ជូនជប៉ុន គ្រោះរអិលបាក់ដី បានកើតឡើង៤១កន្លែង និងគ្រោះទឹកជំនន់វាយប្រហារលើតំបន់ចំនួន៣៨ទីតាំងនៃខេត្ត Fukuoka, Kumamoto, Oita រួមទំាងខេត្ត Saga៕